10/16/2014

សិទ្ធិប្រត្យក្ស

- បទបញ្ញត្តិទូទៅ                                            

       ​ក្រមរដ្ឋប្បវេណីថ្មីចែងអំពីសិទ្ធិដែលយើងទាំងអស់គ្នាកាន់កាប់ ជាសិទ្ធិដែលមានលើវត្ថុ និងសិទ្ធិដែល​មានលើ បុគ្គល។ នៅក្នុងក្រមរដ្ឋប្បវេណីត្រង់គន្ថីទី៣ ស្តីពីសិទ្ធិប្រត្យក្ស មានចែងនូវបញ្ញត្តិស្តីពីសិទ្ធិដែល​មាន​លើវត្ថុ ដែលគេ ហៅថាជាច្បាប់ស្តីពីសិទ្ធិប្រត្យក្ស។ 

     ដើម្បីងាយយល់សម្រាប់អ្នកសិក្សាខាងផ្នែក វិទ្យាសាស្ត្រសេដ្ឋកិច្ច ឬ គណនេយ្យវិទ្យា យើងនឹងចាប់ផ្​តើមក​ពីពាក្យថា ទ្រព្យសម្បត្តិ។ ឧទាហរណ៍ ពាក្យថាទ្រព្យសម្បត្តិនៅក្នុងន័យគណនេយ្យវិទ្យា ហាក់ដូចជាសំដៅ​ទៅ​លើសមត្ថភាព របស់សហគ្រាស ក្នុងការរកចំណូលនៅពេលអនាគត។ ប៉ុន្តែនៅទីនេះ យើងមិនគិត​ដល់ចំណុចពិបាកយ៉ាងនេះទេ។ ចូរយើង គិតពីចំណុចមូលដ្ឋាននៃទ្រព្យដែលបុគ្គលម្នាក់មាន។ ទ្រព្យសម្បត្​តិរបស់បុគ្គលរួមមាន អលនវត្ថុដូចជា ដីធ្លី អគារ និង ចលនវត្ថុដូចជាគ្រឿងសង្ហារឹម អលង្ការ ផ្ទាំងគំនូរ​ជាដើម។ លើសពីនេះទៀត គេមានសិទ្ធិលើ បំណុល ក្រោម រូបភាពជាប័ណ្ណភាគហ៊ុន ប្រាក់បញ្ញើជាដើម។

      ទាំងនៅក្នុងក្រមរដ្ឋប្បវេណីថ្មី[1] និងក្រមរដ្ឋប្បវេណីពីសង្គមចាស់[2] មិនបានចែងអំពីនិយមន័យអ្វី​ទៅជាទ្រព្យនោះទេ។ ប៉ុន្តែនៅក្នុងក្រមរដ្ឋប្បវេណីថ្មីបានចែងអំពីវត្ថុដែលកម្មវត្ថុនៃសិទ្ធិប្រត្យ​ដែលយើងនឹង​ធ្វើ​ការសិក្សាជាបន្ត បន្ទាប់ ដូចខាងក្រោមនេះ៖

          -១ ទ្រព្យ
            នៅក្នុងក្រមរដ្ឋប្បវេណីកាលពីសង្គមចាស់បានចែងនៅក្នុងគន្ថីទី២ អំពីទ្រព្យ។ នៅក្នុងបញ្ញត្តិទាំង​នោះ គេគ្រាន់តែធ្វើការវែកញែកអំពីបេតិភ័ណ្ឌរបស់បុគ្គលបុគ្គលម្នាក់ៗ។  បេតិកភ័ណ្ឌនៃបុគ្គលម្នាក់ៗ សំដៅ​លើសារពើអ្វីទាំង អស់ដែលបុគ្គលនោះមាន និង ដែលបុគ្គលនោះជំពាក់គេ ហើយដែលគេអាចចាត់តម្លៃជា​ប្រាក់បាន[3]
   អ្វីដែលបុគ្គលនោះមានហៅថា សកម្មនៃបេតិកភ័ណ្ឌ អ្វីដែលបុគ្គលនោះជំពាក់គេ អកម្មនៃបេតិកភ័ណ្ឌ[4]
          យើងនឹងមើលនិយមន័យអំពីទ្រព្យតាមខ្លឹមសារនៃវចនុក្រមបរទេសដូចខាងក្រោមនេះ
ទ្រព្យៈ ១- សិទ្ធិកាន់កាប់ ប្រើប្រាស់និង អាស្រ័យផលលើវត្ថុដែលបានកំណត់ជាក់លាក់ (
អាច​ជាដីមួយកន្លែង ឬផ្ទះមួយខ្នង)។ សិទ្ធិលើកម្មសិទ្ធិ ស្ថាប័ននៃទ្រព្យឯកជនត្រូវបានការពារ​ទល់នឹង​ការជ្រៀតជ្រែកដោយមិន សមរម្យរបស់រដ្ឋាភិបាល។ ២-រាល់វត្ថុដែលត្រូវ​បានគេអនុវត្ត​សិទ្ធិកាន់កាប់ សិទ្ធិប្រើប្រាស់ និងអាស្រ័យផល។ ដកស្រង់ចេញពី វចនានុក្រម Black Law Dictionary ឆ្នាំ ១៩៩៩។ 
តាមរយៈនិយមន័យនេះយើងអាចធ្វើសេចក្តីសន្និដ្ឋានបានថា ទ្រព្យគឺជាអ្វីមួយដែលអាចយកធ្វើជាកម្មសិទ្ធិ បាន។
-២ វត្ថុ
នៅក្នុងក្រមរដ្ឋប្បវេណីថ្មី គេបានកំណត់អំពីនិយមន័យ “វត្ថុ” ថា ជារបស់ ដែលមានរូបរាង ជាសារធាតុឧស្ម័ន ជាសារធាតុរាវ ជាសារធាតុរឹង[5]
ខ្លឹមសារនៃ“វត្ថុ”នេះ ដែលជាកម្មវត្ថុនៃសិទ្ធិប្រត្យក្ស។ ក្រមរដ្ឋប្បវេណីបារាំង ព្រមទាំងក្រមរដ្ឋប្បវេណីចាស់ របស់កម្ពុជាដែលបានទទួលបន្តពីក្រមនោះ  បានទទួលស្គាល់នូវការបង្កើតសិទ្ធិប្រត្យក្សដែលមានសិទ្ធិជាកម្មវត្ថុរួមទាំង សិទ្ធិលើអចលនវត្ថុ និង ចលនវត្ថុ នៅក្រោមទស្សនៈលំដាប់ខ្ពស់នៃ “ទ្រព្យ”។ ក៏ប៉ុន្តែ គំនិតនេះមិនមែនជាគំនិតល្អ ដែលអាចយកមកបែងចែក សិទ្ធិប្រត្យក្ស និងសិទ្ធិលើបំណុលបានទេ  ហេតុនេះហើយ ក្រមនេះបានឱ្យនិយមន័យនៃ “វត្ថុ” ដែលអាចក្លាយទៅជាកម្មវត្ថុនៃសិទ្ធិប្រត្យក្ស ដោយយកតាមប្រព័ន្ធ pandectarum ដែលជាមូលដ្ឋាននៃក្រម រដ្ឋប្បវេណីអាល្លឺម៉ង់ ឬក្រមរដ្ឋប្បវេណីជប៉ុន ហើយវត្ថុនោះសំដៅតែលើវត្ថុរូបិយប៉ុណ្ណោះ។ ក្នុងករណីដែលធ្វើការ កំណត់ថា វត្ថុ មានត្រឹមតែវត្ថុរូបិយ  ឋាមពល ដូចជាភ្លើង ជាដើម  មិនមែនជាវត្ថុទេ  ក៏ប៉ុន្តែ យោងតាមមាត្រា ១២០ កថាខ័ណ្ឌទី៤ ដែលមានចែងថា “ត្រូវអនុវត្តបញ្ញត្តិស្តីពីចលនវត្ថុ ចំពោះទ្រព្យសម្បត្តិគ្មាន រូបរាងដែលអាចគ្រប់គ្រង​បានផងដែរ”  ហេតុនេះហើយភ្លើងដែលអាចគ្រប់គ្រងបាននោះ ក៏អាចទទួលស្គាល់នូវការ បង្កើត កម្មសិទ្ធិលើភ្លើង​នោះដែរ ដូច្នេះ ការបង្កើតកិច្ចសន្យាលក់ទិញភ្លើងក៏មិនមានបញ្ហាទេ។ ម៉្យាងទៀត ចំពោះការលួចភ្លើង ដែលជាការ​បំពានកម្ម សិទ្ធិរបស់អ្នកដទៃនោះ អាចទួលស្គាល់ថាជាអំពើអនីត្យានុកូលបាន (មាត្រា ៧៤០)
លើសពីនេះ បើទោះជា ជាគោលការណ៍  គេអាចបង្កើតសិទ្ធិប្រត្យក្សតែលើវត្ថុដែលមានរូបរាងក៏ដោយ តែ មានករណីលើកលែងដែរ មិនមែនបដិសេធទាំងស្រុងទេ ដូចជា សិទ្ធិលើការបញ្ចាំសិទ្ធិ (ពីមាត្រា ៣៣៧ទៅ) ជា ដើម។
      -២ សមាសភាគនៃវត្ថុ
ចំពោះសមាសភាគនៃវត្ថុអ្វីមួយ ដែលមិនអាចបែងចែកបានដោយមិនបំបែកវត្ថុនោះ ឬ ដោយ​មិនផ្លាស់ប្តូរ លក្ខណៈដើមនៃសមាសភាគនោះទេ ភាគនៃវត្ថុុនោះមិនអាចក្លាយជាកម្មវត្ថុ នៃសិទ្ធិឯករាជ្យ​បានឡើយ ។
សិទ្ធិប្រត្យក្សគ្រប់ដណ្តប់លើវត្ថុនោះទាំងមូល ដែលមានរួមទាំងសមាសភាគ សារធាតុផងដែរ។ ហើយនេះគឺ ជាបញ្ញត្តិដែលចែងអំពីមូលដ្ឋាននៃ “គោលការណ៍វត្ថុមួយមានសិទ្ធិមួយ” ដែលមានខ្លឹមសារថា  អាចបង្កើតសិទ្ធិ តែមួយ លើវត្ថុមួយប៉ុណ្ណោះ។ 
ការបែកបាក់នៃវត្ថុគឺ មិនត្រឹមតែជាការបែកបាក់តែរូបរាងខាងក្រៅប៉ុណ្ណោះទេ  គឺមានរួមទាំងសកម្មភាព ធ្វើឱ្យខូចខ្លាំង នូវតម្លៃនៃវត្ថុទាំងមូលផងដែរ។ ការប្តូរលក្ខណៈនៃវត្ថុគឺ មានរួមទាំងសកម្មភាពដែលធ្វើឱ្យបាត់បង់នូវ គោលបំណង នៃការប្រើប្រាស់របស់វត្ថុនោះដែលមានពីដំបូងផងដែរ។
ឧទាហរណ៍ កុំព្យូទ័រ គេចាត់ទុកជាកុំព្យូទ័របានលុះត្រាតែ វាមាន Keyboard មាន Screan ជាដើម បើគេដកយកភាគណាមួយដូចជា Screen Keyboard នោះគេមិនចាត់ទុកថាជាកុំព្យូទ័រទៀតទេ ពីព្រោះ វាបាត់ នូវសមាសភាគ របស់វាហើយ។

-៣ សមាសភាគនៃដី
- ជាគោលការណ៍
វត្ថុដែលនៅជាប់នឹងដី ឬវត្ថុដែលក្លាយជាភាគមួយនៃដី ជាពិសេស អាគារ ឬសំណង់ដែលសង់នៅលើដី ហើយមិន អាចប្តូរកន្លែងបាន ឬពូជដែលសាបនៅលើដី ដំណាំដែលបានដាំ រុក្ខជាតិដែលរស់នៅលើដី គឺជាសមាសភាគនៃដី លុះត្រា តែមិនបំបែកចេញពីដី ហើយមិនអាចក្លាយជាកម្មវត្ថុនៃសិទ្ធិឯករាជ្យបាន​ឡើយ លើកលែងតែមានបញ្ញត្តិផ្សេង[6]
ជាគោលការណ៍ អាគារ ឬសំណង់ដែលជាប់នឹងដី គឺជាសមាសភាគនៃដី  ហើយអានុភាពនៃកម្មសិទ្ធិ ឬ សិទ្ធិប្រត្យក្សផ្សេងទៀតដែលមានលើដីនោះ ក៏មានចំពោះអាគារ ឬសំណង់លើដីនោះដែរ។
ចំណុចនេះខុសពីក្រមរដ្ឋប្បវេណីជប៉ុន ដែលបានបែងចែកដី និងអាគារជាអចលនវត្ថុដាច់ដោយឡែកពីគ្នា ហើយ ក្រមរដ្ឋប្បវេណីនៃបណ្តាប្រទេសអឺរ៉ុបក៏បានចាត់ទុកដី និង អាគារជាអចលនវត្ថុតែមួយដូចកម្ពុជាដែរ ហើយគោល គំនិតនេះ ក៏ជាគោលគំនិត ភាគច្រើនក្នុងពិភពលោកដែរ។
រីឯពូជដែលបានសាប ឬរុក្ខជាតិដែលបានដាំលើដី គឺក្លាយទៅជាសមាសភាគនៃដី នាពេលសាប ឬពេលដាំ  ហើយ ប្រសិនជារបស់នោះពុំអាចបែងចែកពីដី ឬពុំអាចដុះបែកពីដីនោះទេ គឺជាសមាសភាគមួយនៃដីនោះ។ រុក្ខជាតិលើដី ក៏ដូចគ្នាដែរ។

-ករណីលើកលែង
អាគារ ឬសំណង់ផ្សេងទៀតដែលម្ចាស់សិទ្ធិបានសង់នៅលើដី ឬ រុក្ខជាតិ ឬ ដំណាំដែលម្ចាស់សិទ្ធិ​បានដាំ ជាអាទិ៍ ដែលជាការអនុវត្តសិទ្ធិចំពោះដីរបស់អ្នកដទៃ មិនត្រូវក្លាយជាសមាសភាគនៃដីឡើយ។ បញ្ញត្តិនេះត្រូវយកមក អនុវត្តផងដែរ ចំពោះវត្ថុដែលត្រូវបានភ្ជាប់ជាមួយនឹងដី ដោយមានគោលបំណងជា​បណ្តោះ​អាសន្ន[7]
ក្នុងករណីដែលបានអនុវត្តសិទ្ធិជួលអចិន្ត្រៃយ៍  ផលុបភោគ  សេវភាព ដោយបានសាងសង់អាគារ សំណង់ ឬដាំ ដំណាំ រុក្ខជាតិ ដែលនៅលើដីអ្នកដទៃ   អាគារ វត្ថុនោះជាអាទិ៍ គឺជារបស់ម្ចាស់សិទ្ធិជួលអចិន្ត្រៃយ៍ ជាដើម (សូមមើល មាត្រា ១២៤) ហើយមាត្រា ១២២ ចែងបញ្ជាក់ឱ្យបានច្បាស់លាស់អំពីករណីលើកលែងនោះ។ កូនផ្ទះដែលបានសាង សង់ ឬ រុក្ខជាតិដែលបានដាំជាបណ្តោះអាសន្នលើដីនោះ ពុំមែនជាសមាសភាគមួយនៃដីនោះ​ទេ  ដូច្នេះអាចបង្កើតកម្ម សិទ្ធិលើវត្ថុនោះ ក្នុងនាមជាកម្មសិទ្ធិលើចលនវត្ថុបាន។

-៤ សមាសភាគនៃអាគារ
ចំពោះវត្ថុធាតុដែលជាសមាសភាគនៃអាគារ គ្រឿងអាគារ គ្រឿងសង្ហារិម ផ្លាក វត្ថុ តុបតែង ជាអាទិ៍ ដែល មិនអាចបែងចែកបាន ដោយមិនបំបែកអាគារនោះ ឬ ដោយមិន ផ្លាស់ប្តូរលក្ខណៈដើមនៃវត្ថុនោះទេ ភាគនៃវត្ថុុនោះ គឺជាសមាសភាគនៃអាគារ ហើយមិនអាច ក្លាយជាកម្មវត្ថុនៃសិទ្ធិឯករាជ្យបានឡើយ[8]
ក្នុងករណីដែលបានបង្កើតសិទ្ធិជួលអចិន្ត្រៃយ៍  ផលុបភោគ  សេវភាព លើដីអ្នកដទៃ ហើយបានអនុវត្តសិទ្ធិ នោះ ដោយសាងសង់អាគារ សំណង់ ឬដាំដំណាំរុក្ខជាតិដែលនៅលើដីអ្នកដទៃ   អាគារនោះជាអាទិ៍ គឺជាសមាសភាគ មួយនៃសិទ្ធិដែលបង្កើតលើដីអ្នកដទៃ ដូច្នេះហើយ មិនអាចបង្កើតកម្មសិទ្ធិលើអាគារនោះជាអាទិ៍បានទេ ហើយអាគារ នោះជាអាទិ៍ ត្រូវបញ្ចូលទៅក្នុងកម្មសិទ្ធិដីនោះ។ មានន័យថា  គឺជារបស់អ្នកដែលមានកម្មសិទ្ធិលើដីនោះ ដោយមិន អាចចែកឱ្យដាច់ពី សិទ្ធិ លើដីរបស់អ្នកដទៃនោះបានទេ។    
បើសិនជាវត្ថុធាតុដែលជាសមាសភាគនៃអាគារ គ្រឿងសង្ហារិម ជាអាទិ៍ ដែលមិនអាចបែងចែកបានឱ្យដាច់ពី អាគារនោះ  វត្ថុទាំងនោះនឹងក្លាយជាសមាសភាគនៃអាគារ ហើយមិនអាចក្លាយជាកម្មវត្ថុនៃសិទ្ធិលើចលនវត្ថុឯករាជ បានឡើយ។ ហើយនេះគឺជាបញ្ញត្តិដើម្បីបញ្ជាក់ឱ្យបានច្បាស់លាស់អំពីទំហំនៃសិទ្ធិស្តីពីអាគារ។

-៥ វត្ថុដើម និង ផល
-វត្ថុដើម
វត្ថុដែលបង្កើតផល ហៅថា វត្ថុដើម ។
- ផល
 វត្ថុដែលកើតចេញពីវត្ថុមួយទៀត ដោយមានអត្ថប្រយោជន៍ខាងសេដ្ឋកិច្ចនោះ ហៅថា ផល។
ផលចែកចេញជាពីរគឺៈ ផលធម្មជាតិ និង ផលស៊ីវិល។  
          -១ ផលធម្មជាតិ
វត្ថុដែលបានកើតឡើង ហើយត្រូវបានធ្វើលទ្ធកម្ម តាមវិធីប្រើធម្មតា ហៅថាផលធម្មជាតិ[9]។ ផលមិនមែន សំដៅតែលើផ្លែឈើប៉ុណ្ណោះទេ។ វត្ថុដែលកើតចេញពីវត្ថុដើម តាមធម្មជាតិ ឬដោយ​វិធីសុប្បនិម្មិត បន្ទាប់ពីមានការ ប្រើប្រាស់នូវវត្ថុដើមនោះ សមស្របតាមលក្ខណៈសេដ្ឋកិច្ចរួមក គេហៅថា ផលធម្មជាតិ (ដូចជា ស៊ុត ផ្លែឈើ រោមចៀម ជ័រ ខ្សាច់ កូនសត្វ  ទឹកដោះរបស់សត្វ  អម្បោះឆៅ  បន្លែ ជាដើម)។ ហើយក្រៅពីនេះ មានរួមទាំងវត្ថុ ដែលកើតឡើងជាបន្តបន្ទាប់មិនឈប់ឈរ ដោយមិនធ្វើឱ្យសិក​រិចដល់វត្ថុដើម  ដូចជា ឈើដែលបានមកពីការគ្រប់គ្រង ព្រៃឈើតាមផែនការ ជាដើម។
   ផលធម្មជាតិ ជាកម្មសិទ្ធិរបស់អ្នកដែលមានសិទ្ធិទទួលផលនោះ នៅពេលដែលផលធម្មជាតិនោះបានបំបែក ពីវត្ថុដើម[10]។ ជាគោលការណ៍  អ្នកមានសិទ្ធិអាស្រ័យផល នឹងមានកម្មសិទ្ធិលើផលធម្មជាតិ។ ជាគោលការណ៍ កម្មសិទ្ធិ ករនៃវត្ថុដើម គឺជាអ្នកមានសិទ្ធិអាស្រ័យផល  ក៏ប៉ុន្តែ ក្នុងករណីដែលវត្ថុដើម ជាកម្មវត្ថុនៃសិទ្ធិ ជួលអចិន្ត្រៃយ៍  ផលុបភោគ  សេវភាព ជាអាទិ៍  អ្នកមានសិទ្ធិជួលអចិន្ត្រៃយ៍  ផលុបភោគី (សូមមើល មាត្រា ២៦០ភតិកៈ ជាអាទិ៍ គឺជាអ្នកមានសិទ្ធិអាស្រ័យផលនៃផលធម្មជាតិនេះ។
នៅពេលដែលមិនទាន់បំបែកពីវត្ថុដើមទេ  ផលធម្មជាតិ គឺជាវត្ថុមួយភាគនៃវត្ថុដើម  ក៏ប៉ុន្តែក្រោយពីបំបែក ពីវត្ថុដើមនោះទៅ  នឹងក្លាយជាវត្ថុឯករាជមួយដែលជាកម្មវត្ថុនៃកម្មសិទ្ធិ។

          -២ ផលស៊ីវិល
           ប្រាក់ ដូចជាប្រាក់ថ្លៃឈ្នួល ជាអាទិ៍ ឬ វត្ថុផ្សេងទៀត ដែលទទួលជាថ្នូរចំពោះ ការប្រើវត្ថុណាមួយ ហៅថា ផលស៊ីវិល[11]
ផលស៊ីវិលមានដូចជា ថ្លៃឈ្នួល  និងការប្រាក់ ជាដើម។
ឧទាហរណ៍ លោក ក មានផ
ម្ទួះយខ្នងហើយគាត់បានជួលឱ្យលោក ខ ស្នាក់នៅ ប្រាក់ឈ្នួលផ្ទះនោះជាផល ស៊ីវិល។
ផលស៊ីវិលអាចទទួលបានទៅតាមអំឡុងពេលដែលមានសិទ្ធិទទួលផលនេះ ដោយគណនា  តាមចំនួនថ្ងៃ[12]
ក្នុងករណីដែលមានការផ្លាស់ប្តូរកម្មសិទ្ធិករនៃដីដែលជាកម្មវត្ថុនៃសិទ្ធិជួលអចិន្ត្រៃយ៍ កម្មសិទ្ធិករនៃអាគារជួល ម្ចាស់បំណុលនៃកិច្ចសន្យាខ្ចីបរិភោគ ជាអាទិ៍  ថ្លៃឈ្នួល ការប្រាក់ ត្រូវបែងចែកដោយគណនាទៅតាមអំឡុងពេលដែល មានសិទ្ធិទទួផលនោះ។

      -៦ វត្ថុចម្បង និង វត្ថុចំណុះ
-វត្ថុដែលមិនមែនជាសមាសភាគនៃវត្ថុចម្បង ហើយដែលកម្មសិទ្ធិករនៃវត្ថុចម្បងបានភ្ជាប់ទៅ​នឹងវត្ថុចម្បង ក្នុងគោលបំណងសេដ្ឋកិច្ចនៃវត្ថុចម្បងជាបន្តបន្ទាប់នោះ ហៅថាវត្ថុចំណុះ ។ សូមរងចាំវគ្គបន្ត




[1] តទៅនេះការប្រើពាក្យក្រមរដ្ឋប្បវេណីថ្មី សំដៅលើ ក្រមរដ្ឋប្បវេណីឆ្នាំ២០០៧
[2] ក្រមរដ្ឋប្បវេណីកម្ពុជាកាលពីសង្គមចាស់ដែលចម្លងចេញពីក្រមរដ្ឋប្បវេណីណាប៉ូឡេអុងត្រូវបានបកប្រែជាភាសាខ្មែរ ដោយលោក អេង ស៊ុត ឆ្នាំ ១៩៦៧។
[3] មាត្រា ៦២៧ កថាខណ្ឌទី១ នៃក្រមរដ្ឋប្បវេណីពីសង្គមចាស់
[4] មាត្រា ៦២៧ កថាខណ្ឌទី២ នៃក្រមរដ្ឋប្បវេណីពីសង្គមចាស់
[5]  មាត្រា ១១៩ នៃក្រមរដ្ឋប្បវេណីថ្មី
[6]  មាត្រា ១២២ នៃក្រមរដ្ឋប្បវេណីថ្មី
[7]               មាត្រា ១២៣ នៃក្រមរដ្ឋប្បវេណីថ្មី
[8]               មាត្រា ១២៥ នៃក្រមរដ្ឋប្បវេណីថ្មី
[9]               មាត្រា ១២៧ កថាខណ្ឌទី២ នៃក្រមរដ្ឋប្បវេណីថ្មី
[10]             មាត្រា ១២៨ កថាខណ្ឌ១ នៃក្រមរដ្ឋប្បវេណីថ្មី
[11]             មាត្រា ១២៧ កថាខណ្ឌ៣ នៃក្រមរដ្ឋប្បវេណីថ្មី
[12]             មាត្រា ១២៨ កថាខណ្ឌ២នៃក្រមរដ្ឋប្បវេណីថ្មី



អ្នកអាចផ្តល់យោបល់តាមអ៊ីម៉ែល bunthoeurn2008@gmail.com

10/08/2014

បទបរិហារកេរ្តិ៍ជាសាធារណៈ

បទបរិហារកេរ្តិ៍ជាសាធារណៈ

ដោយ​​លោក កុយ នាម

សេរីភាព​ខាង​ការ​បញ្ចេញមតិ និងការបោះពុម្ពផ្សាយគឺជាធាតុមួយយ៉ាង​សំខាន់​នៅ​ក្នុង​​​សង្គម​ប្រជា​ធិប​តេយ្យ។ ​​    រដ្ឋធ​ម្មនុញ្ញកម្ពុជាកា​​រពារនូវសេរីភាពខាង​ការ​បញ្ចេញ​មតិ       និង​​សេរីភាព​​ខា​ងប​​ការ​បោះ​ពុម្ព​ផ្សាយ។ មនុស្សគ្រប់​រូបអាចប្រើប្រាស់​សេរីភាពនេះ​បានយ៉ាង​ទូលំទូលាយ​កុំឲ្យតែធ្វើ​ឲ្យ​ដរាប​ណា​ពុំ​ប៉ះពាល់​​កិត្តិយសរបស់អ្នក​ដទៃ​  ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិ(មាត្រា ៤១)។ កតិកាសញ្ញា​អន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិ​នយោបាយ​​ដែល​កម្ពុជា​បានផ្តល់​​សច្ចា    ប័ន​ក៏មានចែងអំពី​សេរីភាព និងដែនកំណត់នៃការប្រើប្រាស់សេរីភាពនេះដែរ។ មាត្រា ១៩ នៃកតិកាសញ្ញាចែងថា ៖
១.        មនុស្សគ្រប់​រូបមានសិទ្ធិប្រកាន់នូវមតិដោយគ្មានការជ្រៀតជ្រែក
២.        មនុស្សគ្រប់​រូបមានសិទ្ធិដើម្បីបានសេរីភាពនៃការសំដែងចេញ។ សិទ្ធិនេះរាប់បញ្ចូលទាំង​​សេរីភាព​ដើម្បីស្វែងរក ទទួល និងបញ្ចេញព័ត៌មាន​ និងគំនិតគ្រប់ប្រភេទ ដោយមិនគិតពីព្រំដែន ទោះជាដោយផ្ទាល់មាត់ក្តី ដោយសរសេរក្តី ឬជាការបោះពុម្ពក្តី ក្នុងទម្រង់ជាសិល្បៈក្តី ឬតាមរយៈមធ្យោបាយផ្សព្វផ្សាយតាមការជ្រើសរើសរបស់គេក្តី។
៣.        ការអនុវត្តសិទ្ធិដែលចែងក្នុងកថាខណ្ឌ ទី ២ នៃមាត្រានេះនាំយកទៅជាមួយនូវករណីយ​កិច្ច និងការទទួលខុសត្រូវ។  ដូច្នេះ ការអនុវត្តនេះអាចស្ថិតក្រោមការរឹតត្បិតខ្លះ  ប៉ុន្តែការរឹត​ត្បិតទាំងនោះត្រូវចែងដោយច្បាប់ និង តាមការចាំបាច់ប៉ុណ្ណោះ ៖
(ក)       សម្រាប់​ការគោរពសិទ្ធិ ឬ កេរ្តិ៍ឈ្មោះអ្នកដទៃ
(ខ)       សម្រាប់​ការការពារសន្តិសុខជាតិ ឬ ការការពារសណ្តាប់ធ្នាប់សាធារណៈ ឬ សុខភាព ឬសីលធម៌សាធារណៈ
យោងតាមកតិកាសញ្ញានេះសេរីភាពទាំងនេះអាចរឹ​ត​ត្បិត​បាន លុះត្រាតែមានច្បាប់ចែង​និងក្នុង​ក​រណីចាំបាច់ប៉ុណ្ណោះ។
ទាក់ទងនឹងសេរីភាពនៃខាង​ការ​បញ្ចេញមតិ និងសេរីភាព​ខាង​ការបោះពុម្ពផ្សាយ រដ្ឋធម្មនុញ្ញកម្ពុជាបំពេញមុខងារពីរ៖ () ធានានូវសេរីភាពរបស់មនុស្សម្នាក់ ទន្ទឹមគ្នានឹង () ​ការ​ពារកិត្តិយស និងកេរ្តិ៍ឈ្មោះរបស់អ្នក​ដទៃ​ ការពារទំនៀមទម្លាប់ល្អសណ្តាប់ធ្នាប់​សាធារណៈ និងសន្តិសុខជាតិ។ ដូច្នេះ ត្រូវមានតុល្យភាពផ្នែកធម្មនុញ្ញនៅក្នុង​ការ​បំពេញមុខងារទាំងនេះ។ ឥឡូវនេះអាចមានសំណួរចោទសួរថាតើ ពេលណាជាពេលចាំបាច់ដើម្បីកម្រិតនូវសេរីភាពខាង​ការ​បញ្ចេញ​មតិ​ ​ដើម្បីការពារកេរ្តិ៍ឈ្មោះអ្នកដទៃ ការពារសណ្តាប់ធ្នាប់សាធារណៈ  ឬសន្តិសុខ​ជាតិនោះ។ ជាធម្មតា បញ្ហា​តែង​តែកើតមានឡើងនៅក្នុងការប្រើប្រាស់សេរីភាពខាង​ការ​បញ្ចេញ​មតិ​ និងការយកចិត្តទុកដាក់អំពីកេរ្តិ៍ឈ្មោះ​អ្នកដទៃ អំពី​សណ្តាប់ធ្នាប់សាធារណៈ។ មនុស្សខ្លះ​អាចរំលោភបំពាននូវសេរីភាព​នេះ​ដើម្បីវាយប្រហារអ្នកដទៃដោយទុច្ចរិត។ មនុស្សខ្លះទៀតអាចប្រើ ឬយកលេសរឿងកេរ្តិ៍ឈ្មោះមកបិទបាំង​ភាពទុច្ចរិតរបស់ខ្លួន ឧទាហរណ៍ មារយាទឧក្រិដ្ឋ ឬពុករលួយរបស់ខ្លួនជាដើម។ ចំពោះរដ្ឋាភិបាលវិញ រដ្ឋាភិបាលអាចធ្វើយុត្តិ​កម្មវិធានការរបស់ខ្លួន ដើម្បីបដិសេធការប្រើប្រាស់សេរីភាពខាង​​ការ​បញ្ចេញ​មតិ​របស់ប្រជាពលរដ្ឋ ​​ ដោយលើកយកសណ្តាប់ធ្នាប់សាធារណៈមកធ្វើជាខអាង។

សេរីភាពខាង​​បញ្ចេញមតិ និងសេរីភាព​ខាង​ការបោះពុម្ពផ្សាយអណ្តែតនៅក្នុងបរិស្ថានមួយ​ដែលស្មុគ្រស្មាញ និងគ្មាននិយមន័យច្បាស់លាស់។ សេរីភាពនេះត្រូវបានរិត​ត្បិត​​ដោយកត្តានា​នាដូចជា សណ្តាប់​​ធ្នាប់សាធារណៈ សន្តិ​សុខ​ជាតិ សុខភាពសាធារណៈ និងកេរ្តិ៍ឈ្មោះរបស់​ឯកត្តបុគ្គលជាដើម (នេះមិនទាន់គិតដល់ការការពារកេរ្តិ៍ឈ្មោះស្ថាប័នដែលច្បាប់ប្រទេសខ្លះ (ដូច​ជាកម្ពុជា​ជាដើម) បានអនុម័ត)។ ការ​ព្យាយាមពង្រីកកត្តាបរិស្ថានទាំង​នេះ​នឹងធ្វើឲ្យប៉ះពាល់​ដល់សេរីភាពខាង​ការ​​បញ្ចេញមតិ និងសេរីភាព​ខាង​ការបោះពុម្ពផ្សាយ
​​​​​
។ សូមមើលរូបខាងក្រោម។ រង្វង់មូលដែលនៅព័ទ្ធជុំវិញរង្វង់មូលកណ្តាល គឺជាកត្តាបរិស្ថានដែលធ្វើឲ្យរង្វង់មូលកណ្តាល (ដែលតំណាងឲ្យសេរីភាពខាង​ការបញេ្ចញមតិ និងសេរីភាព​ខាង​ការបោះពុម្ពផ្សាយ) ចង្អៀត​បើរង្វង់ព័ទ្ធជុំវិញនោះរីកចូល។

សណ្តាប់ធ្នាប់សាធារណៈ

សេរីភាពខាង​ការបញ្ចេញមតិ និងសេរីភាព​ខាង​ការបោះពុម្ពផ្សាយ

ដើម្បីដោះស្រាយបញ្ហាប្រទាំងប្រទើស​គ្នា រវាងសេរីភាព និងកត្តារឹតត្បិតទាំងនេះ
​មាន​ន័យថា ដើម្បីសម្របសម្រួលទំនាស់រវាងសេរីភាពនិងការរឹតត្បិត គណៈកម្មាធិការ​សិទ្​ធិមនុស្សអង្គការសហប្រជាជាតិបានចេញនូវអត្ថាធិប្បាយទូទៅលេខ ៣៤ នៅក្នុងកិច្ចប្រជុំលើកទី ១០២ ពីថ្ងៃទី១១ ដល់ទី២៩ ខែកក្កដា ២០១១[1] ថា នៅពេលដែលរដ្ឋជាភាគីដាក់នូវការ​រឹតត្បិតនៃការអនុវត្តសេរីភាពខាងការបញ្ចេញមតិ ការកម្រិតនេះមិនត្រូវឲ្យអន្តរាយ​ដល់សេរីភាព​នេះឡើយ”​ ហើយ​ “ការរឹត​ត្បិតទាំងនេះ​ត្រូវឆ្លងឲ្យរួចពីតេស្តដាច់ខាតនៃភាពចាំបាច់ និងភាព​សមាមាត្រ តេស្តនៃភាពចាំបាច់ត្រូវបានរំលោភបំពាន បើវិធានការណាមួយដើម្បីការពារ(ជា​ឧទាហរណ៍) កេរ្តិ៍ឈ្មោះអ្នកដទៃ នៅតែអាចរកបានដោយ​​មិនចាំបាច់កម្រិតនូវសិទ្ធិខាងការបញ្ចេញមតិ។ បើមានការដាក់កម្រិតសិទ្ធិមួយ គេត្រូវប្រើវិធានការដែលជ្រៀតជ្រែក​តិច​បំផុត​ក្នុង​ចំណោមវិធានការទាំងឡាយដែលធ្វើឲ្យបានសម្រេចមុខងារការពារ។សេរីភាពខាង​ការ​បញ្ចេញមតិ និង​សេរីភាព​ខាង​ការ​បោះពុម្ពផ្សាយពឹងផ្អែកលើ​កត្តា បរិស្ថាន ​ទាំងនេះ។ បើរដ្ឋពង្រីកព្រំដែនសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈឲ្យធំ នោះសេរីភាព​ខា​ង​ការ​បញ្ចេញមតិ​និងសេរីភាព​ខាង​ការបោះពុម្ព​ផ្សាយ​កាន់តែរួញទៅ។ ឧទាហរណ៍ បើរដ្ឋកំណត់ថា ការខូចសណ្តាប់ធ្នាប់សាធារណៈរួមមានការធ្វើឲ្យកខ្វក់ទីសាធារណៈ នោះសេរីភាព​ក្នុងការ​ប្រជុំ​ដើម្បី​សំដែងមតិអាចជួបប្រទះនឹងការរារាំងបាន ព្រោះក្រុម​មនុស្ស​ច្រើនអាចធ្វើឲ្​យទីសាធារណៈ​កខ្វក់បាន។ ការធ្វើឲ្យកខ្វក់ទីសាធារណៈខុសគ្នាពីសុខភាពសាធារណៈ។ ការហាមប្រាម​ការ​បញ្ចេញសេរីភាពដោយសំអាងលើមូលហេតុ សុខភាពសាធារណៈ មានដូចជាការ​ហាម​ប្រាម​បាតុកម្ម ក្នុងខណៈដែលទីក្រុងឬតំបន់មួយកំពុងជួបប្រទះនឹងជម្ងឺរាតត្បាតអាសន្នរោគ ឬជម្​ងឺឆ្លងកាចសាហាវដទៃទៀតជាដើម។ បើអនុញ្ញាតឲ្យធ្វើបាតុកម្មក្នុងកាលៈទេសៈបែបនេះ វានឹង​នាំឲ្យអន្តរាយដល់វិធានការបង្ការជម្ងឺរាតត្បាត។
      ទាក់ទងនឹងការបរិហារកេរ្តិ៍ អត្ថាធិប្បាយទូទៅលេខ ៣៤ បានចែងថា ច្បាប់បរិហារកេរ្តិ៍មួយ គួរតែ​មិន​ត្រូវកំណត់ជាទោសទណ្ឌនោះទេ ហើយបើរដ្ឋទាំងឡាយណានៅរក្សាទុកទោស​ព្រហ្ម​ទណ្ឌចំពោះបទបរិហារកេរ្តិ៍ រដ្ឋនោះត្រូវអនុញ្ញាតឲ្​យអ្នកដែលជាប់ចោទពីបទបរិហារ​កេរ្តិ៍មាន​មធ្យោបាយ​ការពារខ្លួនតាមផ្លូវច្បាប់។ មធ្យោបាយការពារទំាងនោះរួមមាន ()​ មធ្យោបាយ​ការពារឈរលើការពិត () ទម្រង់នៃការបញ្ចេញមតិដែលមិនមែនជាកម្មវត្ថុនៃការផ្ទៀងផ្ទាត់បាន () ​សេចក្តី​​ថ្លែង​ការណ៍​មិនពិត និងមិនស្របតាមច្បាប់ដែលត្រូវបានបោះពុម្ពដោយច្រឡំ ប៉ុន្​តែដោយគ្មានគំនិតទុច្ចរិត () ​ផល​​ប្រយោជន៍សាធារណៈដែលជាកម្មវត្ថុនៃការតិះដៀល[2] នេះមានន័យថា ច្បាប់បរិហារកេរ្តិ៍ ត្រូវបើកឲ្យជនជាប់ចោទពីបទបរិហារកេរ្តិ៍ អាចលើក​យក​មធ្យោបាយបួនមកការពារខ្លួនពីការចោទប្រកាន់។ ទីមួយ កាលណា​និយាយអ្វីមួយដែលជាការពិត អ្នកនិយាយត្រូវរួចខ្លួនពីការចោទប្រកាន់ ទោះបីសំដីរបស់គេមានលក្ខណៈធ្វើឲ្យប៉ះពាល់ដល់កិត្តិ​យសក៏ដោយ។ ទីពីរ ច្បាប់មិនត្រូវដាក់ទោសចំពោះការនិយាយស្តីណាដែលគេហៅថាជា “មតិ” ដោយសារគេមិនអាចផ្ទៀងផ្ទាត់មតិមួយថាពិត ឬមិនពិត ខុស ឬត្រូវបាន។ ទីបី ច្បាប់​មិនត្រូវដាក់ទោសលើសំដីណាដែលថ្លែងដោយគ្មានគំនិតព្យាបាទគេ គឺសំដីដែល​ថ្លែង​ឡើងដោយ​ការច្រឡំ។ ទីបួន ច្បាប់មិនត្រូវដាក់ទោសដល់សំដីណាដែលថ្លែងឡើងក្នុងគោល​បំណងលើក​ឡើង​ពីបញ្ហាដែលជាប្រយោជន៍សាធារណៈ។
អត្ថាធិប្បាយទូទៅនោះក៏បានស្នើ​​ទៅ​​រដ្ឋជាភាគីថា ត្រូវកំណត់ព្រំដែននៃសំណងសមល្មម​សម្រាប់​​ភាគីដែលឈ្នះក្តី។[3] បន្ថែមពីលើនេះទៀត អត្ថាធិប្បាយទូទៅលេខ ៣៤ បានផ្តល់អនុ​សាសន៍ថានៅក្នុងការនិយាយពីរឿងនយោបាយ គេត្រូវឲ្យតម្លៃខ្ពស់ដល់ការបញ្ចេញ​មតិ​ដោយគ្មានការរាំងស្ទះ ដូច្នេះហើយទម្រង់នៃការបញ្ចេញមតិដែល​ចាត់ទុកថាការជេរ​ដល់បុគ្គល​សាធារណៈគឺមិនទាន់គ្រប់គ្រាន់  ដើម្បីធ្វើយុត្តិកម្មដល់ការដាក់ទោសទេ ថ្វីបើបុគ្គល​សាធារណៈ​អាចទទួលផលប្រយោជន៍​ពីបទបញ្ញត្តិនៃអនុសញ្ញាក៏ដោយ”​[4] អត្ថាធិប្បាយនោះ​បានលើក​ឡើង​ថា គ្រប់បុគ្គល​សា​ធារណៈ រួមមានអ្នកដែលមានអំណាចនយោបាយខ្ពស់បំផុត ដូចជាប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាដើម ជា​កម្មវត្ថុ​សមស្របនៃការរិះគន់ និងការជំទាស់ខាងនយោបាយ[5]  
នៅក្នុងប្រទេសកម្ពុជា ច្បាប់បរិហារកេរ្តិ៍ត្រូវបានអនុម័តជាការឆ្លើយតបទៅនឹងការការពារនៅក្នុងរដ្ឋធម្មនុញ្ញសម្រាប់ការពារកិតិ្តយសអ្នកដទៃ(មាត្រា៤១) នៅក្នុងឆ្នាំ២០០៩ បទបរិហារកេរ្តិ៍បាន​កំណត់​នៅក្នុងក្រមព្រហ្មទណ្ឌមាត្រា៣០៥។ ច្បាប់នេះមានប្រភពមកពីច្បាប់បារាំងមាត្រា២៩ ចុះថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ ១៩៨១។​មុនក្រមនេះ ច្បាប់បរិហារកេរ្តិ៍ត្រូវបានអនុម័តដោយ​ឧត្តម​ក្រុមប្រឹក្សាជាតិ​ជាន់​ខ្ពស់ដែលជាអង្គភាពរដ្ឋបាលអន្តរកាលសម្រាប់កម្ពុជាពីឆ្នាំ១៩៩២-១៩៩៣ ដោយមានជំនួយ​​ពីអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា​(ហៅកាត់ថា អ៊ុនតាក់)នៅក្នុងច្បាប់​​អ៊ុនតាក់នេះ បទបរិហារកេរ្តិ៍ត្រូវបានកំណត់និយមន័យដូចគ្នានឹងក្រមព្រហ្មទណ្ឌបច្ចុប្បន្នដែរ ប៉ុន្តែបុគ្គលដែលត្រូវគេបរិហារកេរ្តិ៍គឺសំដៅតែទៅលើបុគ្គលឯកជនប៉ុណ្ណោះ មិនមែនស្ថាប័នទេ។ ច្បាប់នេះមានស្តង់ដាខ្ពស់ក្នុងការតម្រូវឲ្យបង្ហាញភស្តុតាងពី “ចេតនាទុច្ចរិត” (malice) នៅក្នុងករណីបរិហារកេរ្តិ៍បុគ្គលសាធារណៈ ដើម្បីដាក់ទោស​ដល់​អ្នក​បរិហារកេរ្តិ៍។ ចេតនាទុច្ចរិតនេះមានន័យថា អ្នកបរិហារកេរ្តិ៍ដឹងថាអង្គហេតុដែលថ្លែងនោះមិនពិត ប៉ុន្តែនៅតែចែកចាយ បោះពុម្ព ឬចែកបន្តព័ត៌មានមិនពិតនោះ។ ច្បាប់​បរិហារកេរ្តិ៍អ៊ុនតាក់បានដាក់​ទណ្ឌកម្មពន្ធនាគារពី ៨ ​(ប្រាំបី) ថ្ងៃ​ ដល់ ១ (មួយ) ឆ្នាំ។ ចំពោះក្រម​ព្រ​ហ្មទណ្ឌ​​​កម្ពុជា​​បច្ចុប្បន្នវិញ មិនមានការបែងចែករវាងការបរិហារកេរ្តិ៍បុគ្គលឯកជននិងបុគ្គល​សាធារណៈទេ ប៉ុន្តែ​ទណ្ឌកម្ម នៅក្នុងក្រមព្រហ្មទណ្ឌបច្ចុប្បន្នវិញ ទោសមានត្រឹមតែការពិន័យជាប្រាក់ប៉ុណ្ណោះ។
មាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ
គ្រប់ការអះអាងដោយបំផ្លើស ឬការ​ទម្លាក់​កំហុសដោយអសុទ្ធចិត្តលើអំពើណាមួយ​ដែលនាំឲ្យ​ប៉ះពាល់ដល់កិត្តិយស ឬកិត្តិស័ព្ទនៃបុគ្គល ឬនៃស្ថាប័នគឺជាការបរិហារកេរ្តិ៍។
ត្រូវពិន័យជាប្រាក់ពី ១ សែនរៀលទៅ ១០ លានរៀល បទបរិហារកេរ្តិ៍ដែលប្រព្រឹត្តតាម មធ្យោបាយណាមួយដូចតទៅ ៖
. តាមសំដី ទោះជាប្រភេទណាក៏ដោយដែលបញ្ចេញនៅទីសាធារណៈ ឬនៅក្នុងសាលប្រជុំសាធារណៈ។
. តាមលិខិត ឬគំនូរ ទោះជាប្រភេទណាក៏ដោយដែលផ្សព្វផ្សាយនៅក្នុងចំណោម សាធារណជន ឬដាក់តាំងឲ្យសាធារណជនមើល។
. តាមមធ្យោបាយទូរគមនាគមន៍សោតទស្សន៍សម្រាប់សាធារណជន។

មាត្រា ៣០៥ គឺជាបទបរិហារកេរ្តិ៍ជាសាធារណៈ ដែលខុសប្លែកពីបទបរិហារកេរ្តិ៍មិន​សាធារណៈ។ បទបរិហា​​កេរ្តិ៍​ជា​សាធារណៈ មានចរិតលក្ខណៈជាការថ្លែងការណ៍ដែលធ្វើឡើង​ជាសាធារណៈ។ភាពជាសាធារណៈគឺជាធាតុផ្សំចម្បងមុនគេនៃមាត្រា ៣០៥។ មាត្រា ៣០៥ មិនផ្តន្ទាទោសបទបរិហារកេរ្តិ៍មិនសាធារណៈទេ។ នៅក្នុងច្បាប់បារាំង បទបរិហារកេរ្តិ៍មិនសាធារណៈ​គឺគ្រាន់តែ​ជាបទល្មើសលហុកម្រិតទី១ ដោយដាក់ទណ្ឌកម្ម សងជម្ងឺចិត្តតិច​តួច​ប៉ុណ្ណោះ (៣៨អឺរ៉ូ) (មាត្រា R ៦២១.)។ ច្បាប់យកចិត្តទុកដាក់ការបរិហាកេរ្តិ៍ជាសាធារណៈ ព្រោះអំពើនេះនឹងនាំឲ្យមានផលអវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់ជនដែលរងគ្រោះពីអំពើ​បរិហារកេរ្តិ៍នេះ ​​ដោយសារស្នាមឈ្មោះអាក្រក់ត្រូវបានដឹងសុះសាយ និងទូលំទូលាយ ជាងអំពើបរិហារកេរ្តិ៍មិន​សាធារណៈ (ដែលសារបរិហារកេរ្តិ៍ត្រូវបានដឹងឮដល់មនុស្សតែចំនួនតូច)។

.      ភាពជាសាធារណៈ

ដូចបានបង្ហាញក្នុងមាត្រាខាងលើ មានវិធីជាច្រើនដែលត្រូវប្រើដើម្បីបរិហារកេរ្តិ៍ និង​មធ្យោបាយដើម្បីផ្សព្វផ្សាយសារបរិហារកេរ្តិ៍ទៅតតិយជន។ វិធីដែលគេប្រើសម្រាប់​បរិហារកេរ្តិ៍​រួមមាន ពាក្យសំដី លិខិត ឬគំនូរ សារ ការផ្សាយជាសំលេង ឬការបោះពុម្ពផ្សាយ។ វិធីទាំងនេះ​ត្រូវបានប្រើដើម្បីធ្វើឲ្យសាររបស់អ្នកបរិហារកេរ្តិ៍គេបានទៅដល់សាធារណជន ដើម្បីឲ្យបទ​បរិហារ​កេរ្តិ៍ក្លាយទៅជាបទបរិហារកេរ្តិ៍ជាសាធារណៈ។ បញ្ហាដែលលំបាក គឺការកំណត់ថាតើអ្វីទៅជា​ភាពសាធារណៈ។
ដើម្បីឲ្យបទបរិហារកេរ្តិ៍មួយក្លាយទៅជាបទបរិហារកេរ្តិ៍សាធារណៈ មាត្រា ៣០៥ បាន​កំណត់​ការបញ្ចេញសំដីឬពាក្យនៅទីសាធារណៈ សាលប្រជុំជាសាធារណៈ ទំនាក់ទំនង​សាធារណៈ​ ​ឬការបង្ហាញជាសាធារណៈ។
ទីសាធារណៈ គ្មាននិយមន័យតាមផ្លូវច្បាប់អំពីទីកន្លែងជាសាធារណៈទេ។ ប៉ុន្តែមានប្រភេទទីកន្លែងពីរដែលជាទូទៅចាត់ទុកថាជាសាធារណៈ។ ទីកន្លែងមួយដែលហៅថាជាទីសាធារណៈ​ដោយ​លក្ខណៈធម្មជាតិរបស់វា​គឺជាទីកន្លែងបើកចំហដល់មនុស្សទូទៅអាច​ចេញចូល​បានដោយសេរី ឧទាហរណ៍ សួនច្បារ វិសាលដ្ឋាន (ទីលាននៅក្នុងក្រុង) ផ្លូវថ្នល់ ពហុកីឡាដ្ឋាន។ល។ ទីកន្លែងទាំងនេះមិនមែនជាកម្មសិទ្ធិ​របស់​នរណាម្នាក់ឡើយ។ កន្លែងផ្សេងទៀតដែលជា​កម្មសិទ្ធិរបស់ជនណាមួយ ប៉ុន្តែម្ចាស់បើកសម្រាប់​មនុស្សទូទៅចូលដូចជា ភោជនីយដ្ឋាន រោងល្ខោន កន្លែងទទួលភ្ញៀវសណ្ឋាគារ ទីធ្លាចំហនៃមន្ទីរពេទ្យ ទាំងអស់​នេះត្រូវបានគេ​ចាត់ទុកថា​ជា​ទីកន្លែងសាធារណៈ ពីព្រោះមនុស្សទូទៅអាចចេញចូលបានដោយគ្មានការ​​ហាមឃាត់។
ទីកន្លែងដែលមិនចាត់ទុកជាសាធារណៈគឺការិយាល័យ (ប្រហែលជាលើកលែងកន្លែង​ទទួល​ភ្ញៀវ​) ពីព្រោះគេកម្រិតការចេញចូលសំរាប់តែបុគ្គលិក និងអតិថិជនជាកំណត់ប៉ុណ្ណោះ។ ប្រសិនបើទីកន្លែងណាមួយត្រូវ​បាន​កំណត់សម្រាប់តែបុគ្គលិកការិយាល័យ និងមិនមែនសម្រាប់អ្នកខាងក្រៅ​ មិនថាកន្លែងនោះមានចំនួនបុគ្គលិកប៉ុន្មាន​នាក់​​​​​​នៅទីនោះទេ​​ ទីកន្លែងនោះមិនត្រូវបានចាត់ទុកថា ជាទី​សាធារណៈ​ឡើយ[6]
សាលប្រជុំសាធារណៈ ច្បាប់ក៏មិនបានឲ្យនិយមន័យអំពីអ្វីដែលហៅថា សាលប្រជុំ​សាធា​រណៈ​   ដែរ។ យុទ្ធ​សាស្រ្តបារាំងហាក់ដូចជាចង់បែងចែកឲ្យដាច់ការប្រជុំ​នៃសមាជិក​នៃក្រុមឯកជនពីការប្រជុំដែលមានគោលបំណងឲ្យសាធារណជនចូលស្តាប់បាន។ ឧទាហរណ៍ ការជួបប្រជុំសមាជិកភាគហ៊ុន ឬក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនវាមិនមែនជាការប្រជុំជាសា​ធារណៈទេ ហើយការប្រជុំបុគ្គលិកក្រុមហ៊ុនក៏មិនចាត់ទុកជាសាធារណៈដែរ។ ប៉ុន្តែ ការប្រជុំបុគ្គ​លិក​ដោយគ្មានដាក់លក្ខខណ្ឌហាមឃាត់អ្នកខាងក្រៅចូលរួម ការប្រជុំសមាជិកសហជីព​ទាំងនេះ​ចាត់ទុកថាកិច្ចប្រជុំសាធារណៈ។ ដូច្នេះ​ មានលក្ខណៈវិនិច្ឆ័យបីដែលចាត់ទុកថា ជាកិច្ចប្រជុំ​សាធារណៈគឺ (១) ចំនួននៃអ្នកចូលរួម (២) លក្ខខណ្ឌនៃការឲ្យចូល (វិធានកម្រិតការចូលរួម) និង (៣) សមាសភាពនៃអ្នកចូលរួម (សមាជិក និងមិនមែនជាសមាជិក)[7]
សាធារណជន ជាន័យទូទៅ សាធារណជនសំដៅដល់មនុស្សទូទៅ ជាពិសេសតតិយ​ជន។
ការដាក់តាំងឲ្យសាធារណជនមើល ការបិទផ្សាយព័ត៌មាននៅលើផ្ទាំងប្រកាសព័ត៌មានតែមួយមុខមិនចាត់ទុកថាជាការដាក់តាំងឲ្យសាធារណជនមើលឡើយ​ លើកលែងតែផ្ទាំង​ប្រកាស​ព័ត៌មាននោះមានមុខងារសម្រាប់ផ្សាយព័ត៌មានជា​សាធារណៈ។ ឧទាហរណ៍ នៅក្នុងយុទ្ធ​សាស្ត្របារាំងការបិទផ្សាយក្រដាសបរិហារកេរ្តិ៍នៅលើផ្ទាំងប្រកាសពត៌មាននៅក្នុងរោងចក្រមួយ​អំពីការបណ្តេញកម្មករ មិនហៅថាជាការដាក់តាំងឲ្យសាធារណជនមើលទេ បើមានតែកម្មកររោង​ចក្រ​អាចមើលផ្ទាំងនោះបាន (ទោះកម្មករមានចំនួនប៉ុន្មានក៏ដោយ)[8] ប៉ុន្តែ បើអ្នកខាងក្រៅ​អាចចូលមើលបាន ផ្ទាំងប្រកាសព័ត៌មានការបិទផ្សាយនេះ នឹងក្លាយជាការដាក់តាំងឲ្យសាធារណ​ជនមើល។ការបិទសំណេរបរិហារកេរ្តិ៍ នៅលើក្លោងទ្វារ​នៃល្វែងចូលសាលាដែលជា​កន្លែង​មនុស្សទូទៅ ជាសមាជិក ឬមិនមែនសមាជិកសាលាអាចមើលឃើញ ការដាក់តាំង    ឲ្យសាធារណជន​មើល[9] គឺជាការដាក់តាំងឲ្យសាធារណជនមើល។
មធ្យោបាយទូរគមនាគមន៍ និងសោតទស្សន៍សម្រាប់សាធារណជន ៖ នេះរួមមាន​ការផ្សាយនូវ​ពាក្យ សម្ភារៈបរិហារកេរ្តិ៍ តាមវិទ្យុ ទូរទស្សន៍ ឬអ៊ិនធើណែត។ វិទ្យុ និងទូរទស្សន៍ ជាក់ស្តែងគឺជាមធ្យោបាយសម្រាប់សាធារណជន។ អ៊ិនធើណែតជាទូទៅមានគោលបំណង​សម្រាប់​ផ្សាយទៅសាធារណជន។ ប៉ុន្តែ    ម៉ែលអាច​ជា​សាធារណៈ ឬមិនជាសាធារណៈ អាស្រ័យ​​ ទៅលើប្រភេទនៃការប្រាស្រ័យទាក់ទងគ្នា។ អ៊ីម៉ែល ឬអត្ថបទសារតាមទូរស័ព្ទ​ដែល​​​​ឆ្លើយ​ឆ្លងពីមនុស្ស​ម្នាក់ទៅមនុស្សម្នាក់ទៀតមិនចាត់ទុកជាសាធារណៈឡើយ។ គេ​​អាច​ចោទ​សួរថា តើអ៊ីម៉ែល ឬទូរស័ព្ទទៅបុគ្គលិក ឬបញ្ជីដែលមាន​ឈ្មោះស្រាប់អាចជាការ​ផ្សព្វ​ផ្សាយជាធារណៈ ឬយ៉ាងណា?

.      ធាតុសត្យានុម័ត ៖ ការអះអាងបំផ្លើស ឬការទម្លាក់កំហុសលើអំពើណាមួយ

 ការអះអាងបំផ្លើស ឬទម្លាក់​កំហុស  ការអះអាងបំផ្លើស (ភាសាបារាំង Allégation) គឺការថ្លែងថាមនុស្សម្នាក់បានធ្វើអំពើអ្វីមួយជាក់លាក់ ជាទូទៅ គ្មានមូលដ្ឋាន ឬ ជាការមិនពិត។ ពាក្យបារាំង Allégation នេះមានន័យថា ជាការអះអាង ការប្រកាស ទាក់ទងនឹងអំពើណាមួយ ឬច្រើន ហើយការមាន ឬមិនមានអំពើនោះទាមទារឲ្យមានការបង្ហាញជាភស្តុតាងថែមទៀត ឬជាការអះអាង ការប្រកាសទាក់ទងនឹងការលើកឡើងបែបស្រមើស្រមៃ[10]។ ឧទាហរណ៍ ដូចជា​ការដែលអ្នកស្រីធីតាថ្លែងថា គាត់បានបាត់ខ្សែកមួយខ្សែ ហើយគ្មានអ្នកណាក្រៅពីលោកចិត្តទេ​ដែល​បានលួចខ្សែកនោះ ព្រោះលោក​ចិត្តបានចូលក្នុងផ្ទះគាត់។ ជួនកាល ការអះអាងបំផ្លើសគឺជា​ការឮតាមគេ ឬជាចចាមអារ៉ាម។
ការទំលាក់កំហុស តាមភាសាបារាំង Imputation គឺជាការភ្ជាប់ការទទួលខុសត្រូវទៅអ្នក​ណាមួយពីសកម្មភាព អំពើ ឬការប្រព្រឹត្តណាមួយដែលអាចស្តីបន្ទោសអ្នកនោះបាន[11] គឺជាការ​ថ្លែងដោយចោទប្រកាន់ថាមនុស្សម្នាក់បានធ្វើអំពើមួយអាក្រក់ឬមិនត្រឹមត្រូវ។ ការទំលាក់កំហុសអាចធ្វើតាមរបៀបដូចតទៅនេះ ៖
·         ថ្លែងថាអំពើមួយជាស្នាដៃរបស់អ្នកណាម្នាក់
·         ចោទថាអ្នកណាម្នាក់បានធ្វើអំពើមួយ
·         និយាយបញ្ឆិតបញ្ឆៀងថាអ្នកណាម្នាក់បានធ្វើអំពើមួយ

អំពើ  អំពើ (ភាសាបារាំង Fait) គឺជាកិរិយានៃការធ្វើអ្វីមួយ អាចជាកាយវិការ ការប្រព្រឹត្ត ការនិយាយ ការសរសេរ ការគូររូបជាដើម។ អំពើសំដៅដល់អ្វីដែលធ្វើឲ្យកើតឡើងមានមែន។ អំពើបង្កើតជាព្រឹត្តិការណ៍ (ភាសាអង់គ្លេស Fact)។ ដូច្នេះ អំពើជាកម្មវត្ថុនៃការផ្ទៀងផ្ទាត់ មានន័យថា គេអាចដឹងថា អំពើមួយត្រូវបានធ្វើ ឬមិនបានធ្វើ ដោយសារគេអាចផ្ទៀងផ្ទាត់បាន។ ឧទាហរណ៍ អ្នកស្រីធីតា (ឧទាហរណ៍ខាងលើ) ថ្លែងពីអំពើ “លួច” ។ “លួច” អាចផ្ទៀង​ផ្ទាត់បានដោយការស៊ើបអង្កេត ឬការស្រាវជ្រាវ។
ក្នុងន័យច្បាប់ អំពើគឺជាអ្វីដែលគេអាចបញ្ជាក់ និងជំទាស់/ច្រានចោល ដើម្បី​រកឲ្យឃើញ​ថាអំពើនោះមានមែន ឬមិនមាន។ ការថ្លែងពីអំពើដែលមានមែនគឺជា សេចក្តីថ្លែងពីការពិត។ ការថ្លែងពីអំពើដែលមិនមានសោះ គឺជាការថ្លែងមិនពិត។
ការថ្លែងពីអំពើខុសគ្នាពីការថ្លែងពីមតិយោបល់។ ក្នុងខណៈដែលគេអាចនិយាយ​ថាសេចក្តី​ថ្លែងពីអំពើមួយជាសេចក្តីថ្លែងពិត គេមិនអាចនិយាយថាការថ្លែងពីមតិមួយពិតឬមិនពិតនោះទេ ព្រោះគេមិនអាចធ្វើការបញ្ជាក់ថាមតិមួយពិត ឬមិនពិតនោះទេ។ គេអាចវិនិច្ឆ័យថា​មតិមួយជា​មតិសមរម្យឬមិនសមរម្យ សមហេតុផល ឬមិនសមហេតុផល។ ក្នុងពេលដែលអំពើនាំឲ្យមាន​ “ការផ្ទៀងផ្ទាត់ដោយសត្យានុម័ត” មតិយោបល់នាំឲ្យមាន “ការវិនិច្ឆ័យដោយអត្តនោម័ត ”ឬ“ការ​វិនិច្ឆ័យ​ទៅតាមជំនឿឬគុណតម្លៃ” របស់អ្នកណា    ម្នាក់។
ឧទាហរណ៍ និយាយថា មានពិន្ទុ IQ ច្រើនជាង ៣០ នេះជា​​សេចក្តីថ្លែងពីអំពើ ពីព្រោះ​គេអាចដាក់ ឲ្យធ្វើតេស្តបាន ដើម្បីវាស់ពិន្ទុ។ ប៉ុន្តែបើ និយាយថា ជាមនុស្សល្ងង់ នេះមិនមែនជាសេចក្តីថ្លែងពីអំពើទេ ព្រោះការវិនិច្ឆ័យរបស់ ថា មើលទៅ​ដូច​ជាល្ងង់ ប៉ុន្តែការ​វិនិច្ឆ័យ​របស់បុគ្គលផ្សេងទៀតគិតថា ប្រហែលជាមិនអីទេ។  មតិយោបល់គឺជាអ្វីដែលប្រៀបធៀប (Relative) ដែលអាចប្រែប្រួល​​ពី​​បុគ្គល​​ម្នាក់ទៅបុគ្គលម្នាក់ទៀត។
ភាពបែងចែកគ្នាមិនដាច់រវាងអំពើ និងមតិ ការបែងចែករវាងអំពើ និងមតិជា​រឿងសំខាន់​នៅក្នុងរឿងក្តីបរិហារកេរ្តិ៍ ព្រោះច្បាប់ផ្តន្ទាទៅលើ​សេចក្តីថ្លែងពីអំពើដែលធ្វើឲ្យប៉ះពាល់​ដល់​កិត្តិយស​អ្នកដទៃប៉ុណ្ណោះ តែមិនផ្តន្ទាសេចក្តីថ្លែងពីមតិទេ (សូមមើលផងដែរមាត្រា ២០ នៃច្បាប់ស្តីពីរបបសារព័ត៌​មានដែលលើកលែងការទទួលខុសត្រូវក្នុងការសំដែងមតិ)។
ជួនកាលសេចក្តីថ្លែងខ្លះ​មានការលាយឡំគ្នារវាងអំពើ និងមតិដែលមិនងាយនឹងបែងចែក​ឲ្យ​ដាច់ពីគ្នា មានន័យថាតើមនុស្សម្នាក់ចង់ថ្លែងពីមតិ ឬចង់ប្រាប់ថាអំពើមួយបានកើតឡើង។ ឧទាហរណ៍ សង្កេតឃើញថា ពាក់គ្រឿងអលង្ការថ្លៃៗ និងចាយវាយប្រាក់ច្រើននៅតាមហាង​នានា ហើយគាត់បាននិយាយរឿងនេះទៅប្រាប់មិត្តគាត់ថា ជាអ្នកមាន។ ការថ្លែងនេះមាន​ការលាយឡំគ្នា​រវាង អំពើ និងមតិ ពីព្រោះការសង្កេតផ្តល់ជាអង្គហេតុថា មាន​ប្រាក់ច្រើន និងមានទ្រព្យធនថ្លៃៗ។ ការថ្លែងថា ជាអ្នកមានគឺជាយោបល់ដែល​ចេញពី​អង្គហេតុ​ទាំងនោះ (ការចំណាយលើគ្រឿងអលង្ការ និងការចាយវាយប្រាក់ច្រើន) ការថ្លែងថាមនុស្សម្នាក់ដែល​​មានប្រាក់ខែតិច និងបើកឡានថ្លៃៗ​ជាមនុស្សពុករលួយ ក៏ជាការថ្លែងដែលមានការលាយឡំរវាង​អង្គហតុ (អំពើ) និង មតិដែរ ដោយពាក្យ ពុករលួយត្រូវបានទាញចេញពីអង្គហេតុដែលថា បុគ្គលនោះ​មាន​ប្រាក់ខែតិចសោះ ប៉ុន្តែអាចមានឡានថ្លៃៗជិះ។ នៅក្នុងសេចក្តីថ្លែងមួយដែល​លាយ​ឡំ​ដោយ​អំពើ​ផ​ង និងមតិផងជារួម ​តើគេត្រូវកំណត់យកមួយណា​ជាសេចក្តីថ្លែងពីអំពើ? ឬជាសេចក្តីថ្លែង​ពីមតិ?។ ជាឧទាហរណ៍ យើងសូមលើក យកមកពិចារណានូវលក្ខណៈ​វិនិច្ឆ័យបួនដែលលើកឡើងដោយតុលាការឧទ្ធរណ៍របស់សហរដ្ឋអាមេរិកនៅក្នុងរឿងក្តី Ollman v. Evans ដើម្បីកំណត់ថាតើសេចក្តីថ្លែងមួយជាសេចក្តីថ្លែង​ពីអំពើ ឬជាសេចក្តីថ្លែងពីមតិ ៖
(១)       ភាពជាក់ច្បាស់នៃសេចក្តីថ្លែង​៖ តើពាក្យដែលប្រើនោះមានន័យជាក់ច្បាស់ ឥត​ព្រលាំ​ដែរឬទេ ព្រោះថាអ្នកអានមិនទំនងជាធ្វើសេចក្តីសន្និដ្ឋានថាជាអំពើ ចេញពី​សេចក្តីថ្លែងមួយ​ដែលមានន័យព្រលាំនោះទេ តុលាការបញ្ជាក់ថា ការចោទ​ប្រកាន់មនុស្ស​ណាម្នាក់ពីការប្រព្រឹត្តឧក្រិដ្ឋកម្ម មិនមែនជាមតិទេ គឺការចោទបែបនេះមានន័យ​ជាក់ច្បាស់។ អ្នកអាន ឬអ្នកស្តាប់ទូទៅនឹងសន្និដ្ឋានថាការប្រព្រឹត្តឧក្រិដ្ឋកម្មជាអំពើ (អង្គហេតុ) ដែលធ្វើឲ្យមនុស្សត្រូវចោទប្រកាន់នោះខូចខាតធ្ងន់  ណាស់។ ឧទាហរណ៍ ការចោទប្រកាន់មន្ត្រីម្នាក់ថាបានរំលោភសេពសន្ថវៈ ហើយបង់លុយឲ្យ​ជន​រងគ្រោះកុំឲ្យ​ប្តឹង ជាសេចក្តីថ្លែង​ពីអំពើ ការចោទប្រកាន់ថាចៅក្រមពុករលួយ នៅក្នុងបរិបទនៃសេវាកម្ម​សាធារណៈ មានន័យថា ចៅក្រមនោះស៊ីសំណូក ​ឬបំពានករណីយកិច្ចរាជការ ដូច្នេះ វាជាសេចក្តីថ្លែង​ពីអំពើរបស់ចៅក្រមនោះ មិនមែនមតិរបស់អ្នកចោទប្រកាន់ទេ។
ប៉ុន្តែ កាលណាពាក្យមួយនាំឲ្យមានន័យដែលអាចឲ្យគេអាចបកស្រាយបាន​ច្រើន​យ៉ាង ពាក្យនោះមិនអាចចាត់ទុកថាជាសេចក្តីថ្លែងពីអំពើទេ។ ឧទាហរណ៍ ពាក្យចៅក្រម “គ្មានសមត្ថភាព” ជាពាក្យដែលទូលំទូលាយពេក មិនអាចកំណត់ឲ្យដឹងថាអំពើណាមួយ​ដែល​បញ្ជាក់ពី​ការគ្មានសមត្ថភាពនោះ។ តុលាការថា ពាក្យថា អ្នករាយការណ៍ម្​នាក់ពាក់ព័ន្ធនឹង “ការរាយការណ៍ឲ្យតែបាននិងគ្មានការទទួលខុសត្រូវ” និង “មានបច្ចេក​ទេស​រាយការណ៍អន់” មានន័យ មិនជាក់ច្បាស់ពេកណាស់ ដែលគេមិនអាចចាត់ថា​ជា​សេចក្តីថ្លែងពីអំពើបានទេ។
សរុបមក កាលណាអ្នកអានឃើញសេចក្តីថ្លែងមួយមានន័យព្រលាំ អ្នក​នោះ​មិនអាចសន្និដ្ឋានថា តើអ្នកថ្លែងនោះចង់និយាយពាក្យដូចខ្លួនប្រើ ឬចង់និយាយផ្សេងពី​ហ្នឹង។
តុលាការក្នុងរឿងក្តីខាងលើស្នើគំនិតថា តុលាការត្រូវវិភាគសេចក្តីថ្លែងដើម្បីកំណត់​ថា      សេចក្តីថ្លែងនោះមានន័យច្បាស់គ្រប់គ្រាន់ដើម្បីឲ្យគេដឹងថាជាសេចក្តីថ្លែងពីអំពើ ឬ​មិន​មែនជាអំពើ។
 (២)      ភាពអាចផ្ទៀងផ្ទាត់បាននៃសេចក្តីថ្លែង ៖ នេះ​ជា​កត្តា​ទី​ពីរ​ដែល​ត្រូវ​ពិចារណា​ គឺថាតើសេចក្តីថ្លែងមួយអាចផ្ទៀងផ្ទាត់បានដែរឬទេ។ តុលាការបញ្ជាក់ហេតុផលនៃវិធីនេះថា អ្នកអានគ្មានហេតុផលអ្វីនឹងមើលឃើញថាសេចក្តី​ថ្លែង​មួ​យដែលមិនអាចផ្ទៀងផ្ទាត់បាន ជាសេចក្តីថ្លែងដែលនាំឲ្យគេយល់ថាជាអំពើ​(អង្គហេតុ)ពិ​តប្រាកដនោះទេ។ បើគេគ្មានមធ្យោបាយអាចផ្ទៀងផ្ទាត់បាន ដូច្នេះការ​សម្រេច​ផ្នែក​អង្គ​ហេតុ​នៅក្នុងរឿងក្តីមួយ មុខជាត្រូវផ្អែកតែលើការស្មានប៉ុណ្ណោះ។ ​ដូច្នេះការសម្រេច​បែបនេះមិនអាចយកជាការបានទេ។

(៣)      បរិបទពេញលេញនៃសេចក្តីថ្លែង  បន្ថែមលើលក្ខណៈវិនិច្ឆ័យទាំងពីរខាងលើ តុលាការស្នើឲ្យពិចារណាលើលក្ខណៈវិនិច្ឆ័យមួយទៀតគឺ តើសេចក្តីថ្លែងមួយត្រូវបានធ្វើ​នៅក្នុង​បរិបទណា ព្រោះបរិបទនៃសេចក្តីថ្លែងនោះនឹងជះឥទ្ធិពលលើអ្នកអាន​ឬអ្នកស្តាប់​ជាមិនខាន។ នេះមានន័យថា  កាលណាអ្នកអានបានមើលអត្ថបទទាំងមូល អត្ថបទនោះ​នឹង​បញ្ចេញសញ្ញាដល់អ្នកអានឲ្យដឹងថា តើអត្ថបទនោះចង់បង្ហាញពីសេចក្តីថ្លែងពីអំពើ ឬពីសេចក្តីថ្លែងពីមតិ។​ គេអាចធ្វើការបែងចែករវាងអំពើ និង មតិបានតែនៅក្នុងបរិបទ​នោះប៉ុណ្ណោះ។
បរិបទដែលត្រូវ​យកមកពិចារណាគឺបរិបទភាសា និងបរិបទសង្គម។ ឧទាហរណ៍ សេចក្តីថ្លែងនៅក្នុងអត្ថបទមួយ បើអានតែសេចក្តីថ្លែងនោះតែឯង សេចក្តីថ្លែងនោះជា​សេចក្តី​ថ្លែ​ងពី​អំពើ តែបើយកសេចក្តីថ្លងនោះទៅផ្គួបបញ្ចូលក្នុងអត្ថបទទាំងមូល ​គេឃើញសេចក្តីថ្លែងនោះទៅជាសេចក្តីថ្លែងពីមតិទៅវិញ។ ឧទាហរណ៍ នៅក្នុងអត្ថបទមួយ អ្នកនិពន្ធសរសេរនៅក្នុងឃ្លាមួយថា លោកវេជ្ជបណ្ឌិត “មានទ្រឹស្តីមួយគឺគាត់ចង់លះបង់​ជីវិត​មួយចោល” ហើយនៅក្នុងឃ្លាមួយទៀតអ្នកនិពន្ធសរសេរជាសំណួរថា “តើគេត្រូវ​បញ្ឈប់​វេជ្ជ​បណ្ឌិត​នោះ​បែបណាបាន? តើមានកុមារប៉ុន្មាននាក់ទៀតដែលត្រូវស្លាប់?”។ វេជ្ជបណ្ឌិតជាដើមបណ្តឹងអះអាងថា សេចក្តីថ្លែងរបស់អ្នកនិពន្ធនោះគឺចង់នាំ​ព័ត៌មាន​ទៅសាធារណជនថា គាត់មានបំណងសម្លាប់អ្នកជម្ងឺ ហើយអ្នកជម្ងឺដទៃទៀតកំពុងស្ថិតក្នុង​គ្រោះ​ថ្នាក់នឹងត្រូវគាត់សម្លាប់ដែរ។ តុលាការនិយាយថា ការពិពណ៌នាពិតប្រាកដរបស់អ្នក​និពន្ធ    គឺអំពីវិធីព្យាបាលនិងកាលៈទេសៈដែលនាំឲ្យអ្នកជម្ងឺស្លាប់ មិនមែនអំ​ពើសម្លាប់​មនុស្ស​របស់វេជ្ជបណ្ឌិត​នោះទេ ដូច្នេះសេចក្តីថ្លែងនោះជាមតិរបស់អ្នកនិពន្ធ។
ជួនកាលទៀត អ្នកនិពន្ធប្រើភាសាបែបព្រមានឲ្យដឹងជាមុន នៅក្នុងអត្ថបទរបស់ខ្លួន ដូចជាប្រើពាក្យថា “តាមយោបល់របស់...” ឬ ដាក់ជាសំណួរថា “តើ...?” ដែលជាសញ្ញាព្រមានឲ្យអ្នកអានដឹងថាអ្វីដែលនិយាយបន្តទៅទៀតនោះជាមតិរបស់ខ្លួន ឬ ជាការអញ្ជើញអ្នកអានឲ្យពិចារណាទៅលើរឿងអ្វីមួយ។ តុលាការទទួលស្គាល់ថាការប្រើភាសាព្រមានជាមុនមិនមែនបង្កើតអភ័យឯកសិទ្ធិដល់គ្រប់សេចក្តីថ្លែងបរិហារកេរ្តិ៍នោះទេ។ បើសេចក្តីថ្លែងមួយពោរពេញទៅដោយព័ត៌មានបង្ហាញពី​អំពើ (អង្គហេតុ) ដូចជាការចោទប្រកាន់ពីការប្រព្រឹត្តឧក្រិដ្ឋកម្មជាដើម នៅក្នុងរឿងដូច្នេះ ទោះបីប្រើភាសាព្រមានជាមុនក៏ដោយ ក៏ភាសានោះមិនអាចបន្សាបការ “សន្និដ្ឋានទៅ​ខាងអំពើ” (Factual conclusion) បានដែរ។ ប៉ុន្តែ បើសេចក្តីថ្លែងបង្ហាញមិនសូវច្បាស់ពីអំពើ (អង្គហេតុ) ទេនោះ សេចក្តីថ្លែងនោះនឹងធ្វើឲ្យអ្នកអានយល់ផ្សេងពីនេះយ៉ាងច្រើន។ តុលាការយល់ថា​ នៅក្នុងសេចក្តីថ្លែងព្រមានជាមុន និងសេចក្តីថ្លែងដែលចោទជាសំណួរ បើគេថ្លឹងឲ្យធ្ងន់ទៅខាងមតិ តុលាការនឹង​ផ្តល់​សេរីភាពទៅឲ្យអ្នកកាសែត អ្នកនិពន្ធ អ្នកធ្វើអត្ថាធិប្បាយដើម្បីនាំបញ្ហាដែលមានសារសំខាន់ជាសាធារណៈ ទៅឲ្យសាធារណជនដឹង និងធ្វើការពិនិត្យពិច័យលើបញ្ហានោះ។
(៤)       ការវិភាគពីបរិបទសង្គមទូលំទូលាយ ៖ ជាការវិភាគបរិបទសង្គមដ៏ទូលំទូលាយ ដែល​ធ្វើ​ឲ្យ​គេ​ដឹងថា តើសេចក្តីថ្លែងនោះស៊ីគ្នានឹងបរិបទនោះដែរឬទេ។ តុលាការ​និយាយថា ប្រភេទនៃការសរសេរ ឬការនិយាយខ្លះ ជាប្រពៃណី ឬជាការសន្មតរបស់សង្គម នឹងបញ្ចេញសញ្ញាដល់អ្នកអានឬអ្នកស្តាប់ថាវាជាមតិ។ ឧទាហរណ៍ ការដែលនិយាយថា កម្មករម្នាក់ជា “ជនក្បត់” នៅពេលដែលកម្មករនោះឆ្លងកាត់គំនូសដែលកម្មករធ្វើ​កូដកម្មបានគូស​កុំឲ្យកម្មករឆ្លងកាត់ចូលទៅធ្វើការ។ តុលាការថា ពាក្យវោហារបំភ្លៃនិងបំផ្លើសបែបនេះកើតមានស្ទើរតែគ្រប់កន្លែងដែលមានជម្លោះការងារ ដូច្នេះ មិនមានន័យថា កម្មករដែលឆ្លងកាត់គំនូសនោះជាជនក្បត់ដូចដែលថានោះទេ។ នេះជាមតិរបស់កូដករប៉ុណ្ណោះ។
ជួនកាលសេចក្តីថ្លែងខ្លះរិះគន់ និយាយបង្អាប់លេងអ្នកណាម្នាក់ ឧទាហរណ៍ ការនិយាយពីអ្នកធ្វើអត្ថាធិប្បាយកីឡាម្នាក់ថា “គាត់ជាអ្នកធ្វើអត្ថាធិប្បាយតែម្នាក់​គត់នៅ​ក្នុង​ក្រុងនេះ ដែលបានចូលថ្នាក់រៀន ដើម្បីឲ្យគ្រូបង្រៀនគាត់ឲ្យនិយាយឲ្យបានត្រឹមត្រូវ​ជាងមុន” ជាសេចក្តីថ្លែងពីមតិ ព្រោះវាជាប្រពៃណីនៃការនិយាយបង្អាប់លេង គេតែងតែប្រើ​រូប​កំប្លែង និង ប្រើពាក្យឡែប​ខាយ​។ គាត់មិនចង់និយាយថា អ្នកធ្វើអត្ថាធិប្បាយនោះពិត​ជាបានទៅរៀនសាលាកែប្រែនោះទេ។
មនុស្សទូទៅតែងចាត់ថា អត្ថបទវិចារណកថា ជាការសម្ដែង​មតិរបស់អ្នកសរសេរ រីឯអត្ថបទសរសេរនៅទំព័រមុខ ជាអត្ថបទសរសេរពីហេតុការណ៍ដែលកើតឡើង​ដូច្នេះ​ជាសេចក្តីថ្លែងពី​  អំពើ។
 ​​សេចក្តីថ្លែង ដែលគេមិនអាចហៅឲ្យជាក់ស្តែងថាជាមតិ ឬជាអំពើនោះ ត្រូវហៅ​ថាជាសេចក្តីថ្លែងកូនកាត់។ តុលាការនេះនិយាយថា សេចក្តីថ្លែងកូនកាត់គឺជាសេចក្តីថ្លែងដែលម​នុស្សភាគច្រើននឹងចាត់ទុកថាពិត ឬ មិនពិត អាស្រ័យលើអំពើ ឬអង្គហេតុនៅពីក្រោយដែល​មិនបាន​បង្ហើបនៅក្នុងសេចក្តីថ្លែងដែលនៅចំពោះមុខ។ នេះមានន័យថា បើការសរសេរនោះមិន​អស់សេចក្តីដែលមិនអាចឲ្យគេសន្និដ្ឋានថាជា អំពើ ឬ មតិទេនោះ គេអាចស្រាវជ្រាវរកអង្គហេតុ​ខាង​ក្រៅសាច់រឿងដែលកំពុងសរសេរនោះ ដើម្បីយកមកវិភាគឲ្យដឹងប្រាកដថា តើវាជាអំពើ ឬមតិ។ បើសេចក្តីថ្លែងមតិនោះ នាំឲ្យគេសន្និដ្ឋានថាមតិនោះកើតចេញពីការសំអាងលើអំពើ (អង្គហេតុ) សេចក្តីថ្លែងនោះមិនមែនជាមតិទេ។
គំនិតខាងលើនេះស្របគ្នានឹង​យុត្តិ​សាស្ត្របារាំង ដែលថាអំពើមួយ​អាចបញ្ជាក់បាន​មិនត្រឹមតែដោយ​កាលៈទេសៈដែលទាក់ទងនឹងរឿងក្តីដែលកំពុងជជែកគ្នានោះទេ ប៉ុន្តែអាច​បញ្ជាក់បានដោយ​កាលៈទេសៈខាងក្រៅផងដែរ ដើម្បីបំភ្លឺរឿងក្តីដែលកំពុងជជែកគ្នានេះ[12]

            .      ការខូចខាតដល់កិត្តិយស

ដូចមានការពិភាក្សាខាងលើហើយ ពាក្យពេចន៍មិនមែនមានខ្លឹមសារតែមួយគ្មានពីរ​នោះទេ។ ពាក្យពេចន៍ខ្លះ​អាចមានន័យវិជ្ជមានសម្រាប់បុគ្គលម្នាក់ ប៉ុន្តែអវិជ្ជមានសម្រាប់បុគ្គល​ផ្សេងទៀត។ ពាក្យ​ពេចន៍ខ្លះ​មានន័យទៅតាមបរិបទ។  អត្ថន័យនៃពាក្យក៏មានន័យប្រែប្រួលទៅ​តាម​ពេល​វេលា និងទីកន្លែងដែរ។ ឧទាហរណ៍ បុគ្គល ក និយាយថា ដានី ជាស្រីខារ៉ាអូខេ។ មនុស្ស​ខ្លះ​អាចមើលឃើញថា ស្រីខារ៉ាអូខេជាការងារមិនសមរម្យ។ មនុស្សខ្លះទៀតអាចគិតថាជាការ​ងារធម្មតា​ដូចគេដូចឯង។ ឧទាហរណ៍មួយផ្សេងទៀត​គឺការនិយាយថាបុគ្គលម្នាក់នោះឈឺដោយ​សារ​ជម្ងឺអេដស៍។ ជម្ងឺអេដស៍តែម្តងមិនមែនជាការខូចកិត្តិយសអ្វីទេ ប៉ុន្តែដោយសារការលាបពណ៌​របស់​សង្គម ការភ្ជាប់អ្នកណាម្នាក់ជាមួយជម្ងឺអេដស៍ គឺជាការបង្ខូចកេរ្តិ៍។
កិត្តិយសត្រូវបានកំណត់និយមន័យថា ជាការគោរព និងការសរសើរដែលអ្នកដទៃផ្តល់​ឲ្យមនុស្សម្នាក់ (វចនានុក្រមច្បាប់ Black Law Dictionary) ជាការគោរព និងការសរសើរ ដែលអ្នកដទៃមានចំពោះមនុស្សម្នាក់។ ការធ្វើឲ្យប៉ះពាល់ដល់កិត្តិយសគឺជាការបណ្តាល​ឲ្យបាត់​បង់នូវការគោរព និងការសរសើរចំពោះបុគ្គលនោះ។ របៀបម្យ៉ាងទៀតក្នុងការកំណត់និយមន័យ នៃការ​ធ្វើឲ្យការប៉ះពាល់កិត្តិយសគឺ​ជាការ “និយាយដែលធ្វើឲ្យរងរបួសដល់កិត្តិយសអ្នកដទៃ ដោយលាតត្រដាងជននោះឲ្យគេស្អប់ខ្ពើម ប្រមាថចំអកឡកឡឺយ ឬសំដៅទៅបន្ទាបរូបគាត់​ក្នុងសេចក្តីគោរពនិងរាប់អានពីសមាជិកសង្គមដែលមានការគិតត្រឹមត្រូវ​”[13] ការបាត់បង់​កិត្តិយស​អាចនាំឲ្យបាត់បង់ឱកាសការងារ ជំនឿលើវិជ្ជាជីវៈ ជំនឿលើ​​​​អាជីវកម្ម ឬ          ឱកាស​ផ្សេងៗទៀត។ ដោយហេតុថា ការខូចខាតកិត្តិយសត្រូវបានកំណត់ចេញពីទស្សនវិស័យ​នៃ​សមាជិក​សង្គម ដូច្នេះសំណួរអាចលើកឡើងថា តើអ្នកណាជាអ្នកត្រូវបង្ហាញថាការខូចខាតកិត្តិ​យស​ដែលកើតមាន?  ជា​ចៅក្រម ឬសមាជិកសង្គម។ នៅក្នុងប្រទេសដែលមានគណៈវិនិច្ឆ័យ (Jury) ចៅក្រមជាអ្នកវាយតម្លៃថា សំដីមួយមានលក្ខណៈបរិហារកេរ្តិ៍ (ធ្វើឲ្យខូចកិត្តិយសអ្នកដទៃ) សម្រាប់​សំដីដែលងាយៗនឹងដឹងថាមានលក្ខណៈបរិហារកេរ្តិ៍ តែបើសំដីខ្លះ​ដែលចៅក្រម​មាន​មន្ទិលថាដូចជាមិនមានលក្ខណៈបរិហារកេរ្តិ៍ ដូច្នោះ ចៅក្រមលើករឿងនោះឲ្យគណៈវិនិច្ឆ័យជាអ្នក​សម្រេច​វិញ[14] នេះដោយសារតែ​គេយកមតិរបស់សង្គមទូទៅថា តើគេយល់ថាពាក្យមួយជា​ពាក្យ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់កិត្តិយសរបស់អ្នកដទៃ ឬពាក្យនោះគ្មានជាតិពិសពុលអ្វីទេ។ ឧទាហរណ៍ ​ដូចជានៅប្រទេសខ្មែរ តើការនិយាយថាមន្ត្រីរាជការម្នាក់មានសម្បត្តិច្រើន មានន័យថាជា​ការសរសើរ ឬជាការរិះគន់ថាមន្ត្រីនោះជាជនពុករលួយ? ក្នុងសហគមន៍ខ្លះ គេសរសើរអ្នកមាន​ទ្រព្យសម្បត្តិច្រើន ដោយគេមិនខ្វល់ថាសម្បត្តិនោះមានប្រភពចេញមកពីណាទេ។ តែនៅក្នុង​សហគមន៍ខ្លះ មន្ត្រី​ដែលមានទ្រព្យសម្បត្តិច្រើនជាកម្មវត្ថុនៃការរិះគន់ ឬការពេបជ្រាយ ដោយសារ​គេ​សង្ស័យថា​ទ្រព្យនោះបានមកពីអំពើពុករលួយ។

.     បុគ្គលដែលត្រូវរងការបរិហារកេរ្តិ៍

មាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌមានគោលបំណងការពារមិនត្រឹមតែកិត្តិយស ឬកិត្តិសព្ទ​របស់​​បុគ្គល​ឯកជនប៉ុណ្ណោះទេ ប៉ុន្តែការពាររហូតដល់ស្ថាប័នទៀតផង។មាត្រា ៣០៥ មិនបានចង្អុលបង្ហាញថាស្ថាប័នណាអាចរងការបរិហារកេរ្តិ៍បាន ដូចជាស្ថាប័នឯកជន ឬសាធារណៈ ជាស្ថាប័នពាណិជ្ជកម្ម ឬស្ថាប័នស៊ីវិល ឬអង្គភាពរដ្ឋាភិបាលជាដើម។
ដោយហេតុថា​ច្បាប់បរិហារកេរ្តិ៍គ្របដណ្តប់តែទៅលើកិត្តិ​យស ឬកិត្តិសព្ទរបស់ បុគ្គលការបរិហារកេរ្តិ៍ ឬនិយាយបន្តុះបង្អាប់ផលិតផលមួយ ​ត្រូវ​ស្ថិតនៅក្រៅវិសាលភាពនៃ​ច្បាប់​បរិហារកេរ្តិ៍។ ឧទាហរណ៍ ការនិយាយថាកៅស៊ូកង់ម៉ាក ក មានគុណភាពអន់ មិនមែនជាកា​របរិហារ​កេរ្តិ៍ក្រុមហ៊ុនដែលផលិតកៅស៊ូកង់នោះទេ ដូច្នេះ ច្បាប់បរិហារកេរ្តិ៍ មិនអាចអនុវត្តលើ​ករណីនេះបានទេ។
ពាក្យសំដីបរិហារកេរ្តិ៍ ជាទូទៅមិនលាតត្រដាងពីអត្តសញ្ញាណនៃបុគ្គលដែលត្រូវគេបង្ខូច​កេរ្តិ៍ឡើយ។ ទោះបីជាយ៉ាងនេះក្តី ច្បាប់នៅក្នុងគ្រប់ប្រព័ន្ធច្បាប់ទាំងអស់អនុញ្ញាតឲ្​យគេទាញ​សេចក្តីសន្និដ្ឋានអត្តសញ្ញាណបាន។ ឧទាហរណ៍ អ្នកកាសែតម្នាក់បានសរសេរថា “យោធានៅឈរជើងនៅតំបន់ ក បានរុករានយកព្រៃសហគមន៍ ដោយសេរីគ្មានការគ្រប់គ្រង”។ មេបញ្ជាការអង្គភាពនៅតំបន់នោះអាចសន្និដ្ឋានថា អ្នកនិយាយចង់និយាយពីខ្លួន ព្រោះអង្គភាព​នោះស្ថិតនៅក្រោមបញ្ជារបស់ខ្លួន។ ទោះបីជាពាក្យសំដីនោះមិនពោលដោយចំៗសំដៅលើបុគ្គល​ម្នាក់ ឬច្រើននាក់ក៏ដោយ ក៏អត្តសញ្ញាណរបស់ពួកគេអាចត្រូវសន្និដ្ឋានចេញពី​អត្ថន័យពី​កាលៈ​ទេសៈខាងក្រៅដែល​នាំឲ្យ​​អ្នក​​ស្តាប់ ឬទស្សនិកជនអាចយល់បាន ឬអាចបញ្ជាក់អះអាង​ពីអត្តសញ្ញាណរបស់បុគ្គលដែលទទួលការដៀមដាមបាន។
ប៉ុន្តែបើពាក្យនិយាយនោះមានលក្ខណៈទូលំទូលាយពេកដែលមិនអាចកំណត់ពីអត្តសញ្ញាណរបស់បុគ្គលជាក់លាក់ណាបាន នោះក៏គ្មានបទល្មើសបរិហារកេរ្តិ៍កើតឡើងដែរ។
ចំពោះការបរិហារកេរ្តិ៍ស្ថាប័នវិញ គេមិនដឹងច្បាស់ថាតើមាត្រា ៣០៥ នេះចង់គ្រប​ដណ្តប់តែស្ថាប័នឯកជន ដូចជា អង្គភាពអាជីវកម្ម ឬគ្របដណ្តប់ស្ថាប័នសាធារណៈ ដូចជា​ក្រសួងផងដែរ​។ បើច្បាប់មានគោលបំណងគ្របដណ្តប់លើស្ថាប័នសាធារណៈ នោះបុគ្គល​នីមួយៗ​អាច​នឹងងាយធ្លាក់ចូលទៅក្នុងការដាក់ទោសទណ្ឌពីបទបរិហារកេរ្តិ៍ណាស់ ពោលគឺនៅ​ពេលណាដែលពួកគេចោទសួរអំពី​តម្លាភាពរបស់អង្គភាព​​រដ្ឋាភិបាល យោងតាមអត្ថាធិប្បាយ លេខ ៣៤ របស់គណៈកម្មាធិការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ គណៈកម្មាធិការនេះ​ហាមប្រាមការចោទប្រកាន់ពីបទបរិហារកេរ្តិ៍ ដោយចែងថា “រដ្ឋជាភាគីមិនត្រូវហាមឃាត់ការរិះគន់​ស្ថាប័ន ដូចជា កងទ័ព ឬរដ្ឋបាលជាដើម[15] ដូច្នេះ ការចោទប្រកាន់បទបរិហារកេរ្តិ៍​ស្ថាប័នសាធារណៈ ជាការផ្ទុយទៅនឹងស្មារតីនៃ កតិកាសញ្ញាស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោ​បាយ។

.      ធាតុអត្តនោម័ត ៖ អសុទ្ធចិត្ត

ច្បាប់ស្តីពីបទបរិហារកេរ្តិ៍ ដាក់ទណ្ឌកម្មចំពោះតែបុគ្គលណា ដែលបញ្ចេញពាក្យសំដី​ដោយ     អសុទ្ធចិត្តប៉ុណ្ណោះ។ អសុទ្ធចិត្ត គឺជាចេតនាធ្វើឲ្យមានព្យសនកម្ម។ ច្បាប់កម្ពុជាមិនបាន​ចែង​ណែនាំពីអ្វីដែលហៅថាអសុទ្ធចិត្តនោះឡើយ។ ក្នុងករណីដែលប្រទេសកម្ពុជាគ្មានយុទ្ធ​​សាស្ត្រដើម្បីពន្យល់ពាក្យ       អសុទ្ធចិត្តនៅក្នុងករណីបទបរិហារកេរ្តិ៍ ដូច្នេះតុលាការអាចក្រឡេក​ទៅ​រក​អត្ថា​ធិប្បាយ​លេខ ៣៤ នៃគណៈកម្មាធិការសិទ្ធិមនុស្ស​ដើម្បីយក​ជាគោលនាំផ្លូវក៏បាន ព្រោះអត្ថាធិប្បាយនេះភ្ជាប់កាតព្វកិច្ច​ចំពោះ​​ប្រទេសកម្ពុជា។ ម្យ៉ាងវិញទៀតយុត្តិសាស្ត្របារាំងក៏​ជាគំរូមួយល្អផងដែរ ព្រោះ​យុត្តិសាស្ត្រនេះមានគោលគំនិតស្រដៀងគ្នានឹងគោលគំនិតក្នុង​អត្ថាធិប្បាយលេខ ៣៤ លើរឿងនេះ។
អត្ថាធិប្បាយលេខ ៣៤ ចែងថា “នៅក្នុងករណីណាក៏ដោយ គេត្រូវទទួលស្គាល់ថា​ការរិះគន់អំពីអ្វីមួយដែលជាកម្មវត្ថុនៃផលប្រយោជន៍សាធារណៈជាមធ្យោបាយការពារ[16]​ មានន័យថា ចុងចោទអាចលើកឡើងថាសំដីរបស់ខ្លួនមិនមែនមានគោលដៅវាយប្រហារបុគ្គលទេ តែសំដីនោះទាក់ទងផលប្រយោជន៍សាធារណៈ  ដែលសាធារណជនគួរតែបានដឹងរឿងនោះ គឺចុងចោទមិនមានគំនិតអសុទ្ធចិត្តដើម្បីវាយប្រហារដើមបណ្តឹងបរិហារកេរ្តិ៍នោះទេ។ ចំពោះការនិយាយប៉ះពាល់ដល់បុគ្គលសាធារណៈវិញ អត្ថាធិប្បាយលេខ ៣៤ បានបញ្ជាក់ថាច្បាប់ “គួរចៀសវាងដាក់ទោស ឬ​ចាត់ជាខុសច្បាប់នូវការនិយាយមិនពិតដែលបានបោះពុម្ព​ផ្សាយ​ដោយ​ភ័ន្តច្រឡំតែគ្មានគំនិតព្យាបាទអ្នកណា​ម្នាក់​” (កថា​​ខ័ណ្ឌទី ៤៧)។ នេះមានន័យថា កាលណា​ការនិយាយណាមួយប៉ះពាល់ដល់កិត្តិយសរបស់បុគ្គលសាធារណៈ តុលាការត្រូវដាក់​បន្ទុក​ដល់​ដើមចោទ (ជាបុគ្គលសាធារណៈ) ដើម្បីបង្ហាញថាការនិយាយរបស់ចុងចោទនោះ ពោរពេញ​ទៅដោយគំនិតព្យាបាទ (គំនិតចង់បំផ្លាញ) មិនមែនដោយសារការធ្វេសប្រហែស ឬការភ័ន្​តច្រឡំទេ។ ដូច្នេះ​ បើគេរកមិនឃើញធាតុព្យាបាទនៅក្នុងការនិយាយទេនោះ តុលាការ​មិន​ត្រូវ​ដាក់ទណ្ឌកម្មដល់អ្នកនិយាយប៉ះពាល់ដល់បុគ្គលសាធារណៈឡើយ។
ក្នុងការកំណត់ថាសំដីមួយជាសំដីពេញទៅដោយអសុទ្ធចិត្ត តុលាការអាចយកយុត្តិ​សាស្​ត្របារាំងជា​គោល​គំនិតណែនាំក៏បាន។ យុទ្ធ​សាស្រ្តបារាំងបានកំណត់លក្ខណៈវិនិច្ឆ័យសរុប​ខាងក្រោម ដើម្បីកំណត់ថាមានសុទ្ធចិត្តឬគ្មាន នៅពេលមានការនិយាយមួយដែលត្រូវបានចោទថាបរិហារកេរ្តិ៍អ្នកដទៃ ៖
. មានគោលបំណងសមរម្យ (La legitimité du but poursuivi)
. គ្មានភាពជាសត្រូវនឹងគ្នា (L’absence d’animosité personelle)
. មានការអង្កេតហ្មត់ចត់មុននិយាយ (Le sérieux de l’enquête)
. និយាយដោយមានការថ្លឹងថ្លែង (La prudence dans l’expression ou modération)
មានគោលបំណងសមរម្យ ពាក្យសំដីដែលបន្លឺឡើងគឺក្នុងគោលបំណងផ្តល់ព័ត៌មានទៅ​សាធារ​​ណជនឲ្យដឹងពីសាច់រឿងណាដែលទាក់ទងនឹងផលប្រយោជន៍ ឬ​ជាក្តីកង្វល់នៃ​​សាធារណ​ជន។ឧទា​ហរណ៍ ការនិយាយ ឬរបាយការណ៍អំពីតម្លាភាព និងគណនេយ្យ​ភាពរបស់​រដ្ឋាភិបាល​គឺជារឿងដែលបម្រើឲ្យផលប្រយោជន៍សាធារណៈ។​ ការកេង​បន្លំថវិកាជាតិក៏ជា​រឿងដែល​សាធា​រណៈ​ចង់ដឹង។ សេចក្តីរាយការណ៍​ពីការធ្វើឲ្យខូចបរិស្ថាន សុខភាព ការរឹបអូសដីធ្លី ឬការបណ្តេញ​ចេញក៏ជាចំណុចសំខាន់សម្រាប់សាធារណជនត្រូវដឹងដែរ។
គ្មានភាពជាសត្រូវនឹងគ្នា និយាយឲ្យងាយស្តាប់ទៅ ពាក្យដែលនិយាយស្តី​មិន​ត្រូវ​ធ្វើ​ឡើង ដើម្បី​ធ្វើការសងសឹកដល់បុគ្គលណាមួយឡើយ។ ប៉ុន្តែ ពាក្យសំដីដែលមិនពិរោះ​ពិសារ​អំពីអ្នកណា​​ម្នាក់ក៏មិនមែនសុទ្ធតែមានន័យថាការសងសឹកផ្ទាល់ខ្លួននោះដែរ។ គេត្រូវពិនិត្យមើល​ទំនាក់ទំនងរវាងអ្នកត្រូវគេ​បង្ខូច​កេរ្តិ៍ និងអ្នកបង្ខូចកេរ្តិ៍។ ឧទាហរណ៍ សមាជិកម្នាក់នៃ​សមាគម​មួយដែលអំពាវនាវឲ្យពិនិត្យមើលប្រធានសមាគមអំពីការប្រើប្រាស់​ថវិកាសមាគម មិនមែនមានន័យ​​ថា ជាការសងសឹកនោះទេ លើកលែងតែ ជាឧទាហរណ៍ ប្រធានបានដាក់​វិន័យ​សមាជិក​នោះកាល​​ពីមុន ហើយសមាជិកនេះបានអំពាវនាវឲ្យត្រួតពិនិត្យមើលការ​កេង​បន្លំ សូម្បីតែគ្មាន​តម្រុយនៃការគៃបន្លំណាមួយសោះក៏ដោយ។ ប៉ុន្តែគេអាចប្រមាណមើលបានពីគោល​បំណង​នៃការអំពាវនាវនោះផងដែរ។ ការរិះគន់​របស់​អ្នកនយោបាយប្រឆាំង​ទៅ​លើសមាជិករដ្ឋាភិបាល នៅក្នុងការអនុវត្ត​មុខ​ងារ​​ត្រួតពិនិត្យរបស់គេ មិនត្រូវចាត់ទុកជាភាពជាសត្រូវនឹងគ្នាទេ ព្រោះជា​ការអនុវត្តតួនាទីរបស់គណបក្សប្រឆាំង។
មានការអង្កេតហ្មត់ចត់មុននិយាយ​​ ការអង្កេត​ហ្មត់ចត់គឺមិនមែនមានន័យ​រហូត​ដល់ទៅ​រកភស្តុតាងបញ្ជាក់ពីភាពពិតនៃអង្គហេតុដែលត្រូវបានចោទប្រកាន់នោះឡើយ ប៉ុន្តែការ​អង្កេត​នេះ​គួរ​ត្រូវបានធ្វើដោយមានការប្រុងប្រយ័ត្នមុនពេលនិយាយពីរឿងនោះ។ ការធ្វើបែបនេះ​គឺដើម្បី​ធានា​ពីភាពសត្យានុម័ត (Objectivity) នៃពាក្យសំដីដែលនិយាយ។ បុគ្គលដែលគេចោទថា​និយាយពាក្យបរិហារកេរ្តិ៍នោះត្រូវប្រឹងប្រែងឲ្យអស់លទ្ធភាពដើម្បីឲ្យព័ត៌មានដែលខ្លួននិយាយនោះ​មាន​មូលដ្ឋានគ្រាន់បើ។ ប្រសិន​បើចុងចោទប្រឌិតរឿងនោះ គាត់មិនអាចបង្ហាញពី “សុទ្ធចិត្ត” នៅក្នុងពាក្យសំដីរបស់គាត់បានឡើយ។
និយាយដោយមានការថ្លឹងថ្លែង ការបញ្ចេញពាក្យសំដីត្រូវធ្វើឡើង​ដោយមានការប្រយ័ត្ន​ប្រយែង និង មានការថ្លឹងថ្លែង។ ពាក្យសំដីដែលមានការថ្លឹងថ្លែងគឺមិនត្រូវមានការបំផ្លើស ឬការ​និយាយបង្ករឿង។ឧទាហរណ៍ ការប្រើពាក្យថាក្បត់ជាតិមានពិរុទ្ធនេះមិនមែនជាការ​បញ្ចេញ​មតិដោយប្រយ័ត្នប្រយែងនោះទេ។ ការនិយាយដោយមានការថ្លឹងថ្លែង​ត្រូវរួមបញ្ចូល​ទស្សនៈផ្ទុយផងដែរ។ ឧទាហរណ៍ បើអ្នកនិយាយម្នាក់បានអង្កេតហ្មត់ចត់លើរឿងណាមួយហើយ គាត់គួរបង្ហាញពីព័ត៌មានដែលផ្ទុយពីរឿងដែលគាត់រកឃើញដែរដើម្បីបញ្ជាក់ថា​គាត់បានបង្ហាញ​ព័ត៌មានគ្រប់ជ្រុងជ្រោយ មិនមែនស្តាប់តែប្រភពម្ខាងនោះទេ។Alpha

នៅសហរដ្ឋអាមេរិក ការបរិហារកេរ្តិ៍ជាសាធារណៈ បរិហារកេរ្តិ៍តាមការសរសេរ” (Libel) ជាអំពើ   អនីត្យានុកូល (Tort) បន្ទុកក្នុងការបញ្ជាក់បង្ហាញធាតុផ្សំនៃបទល្មើសបរិហារកេរ្តិ៍​គឺស្ថិត​នៅលើដើមចោទ។ ឧទាហរណ៍​ការបញ្ជាក់ពីការមិនពិត និងចេតនាទុច្ចរិតជាបន្ទុក​របស់ភាគី​ដើម​ចោទ (សូមមើលឧទាហរណ៍រឿងក្តីរវាង New York Times និង Sullivan)
នៅប្រទេសបារាំង ការបរិហារកេរ្តិ៍ជាសាធារណៈគឺជាបទមជ្ឈិម​ និងត្រូវបានកាត់ក្តីដោយ តុលាការព្រហ្មទណ្ឌ។ ចេតនាទុច្ចរិតត្រូវបានសន្មតសម្រាប់ចុងចោទ គឺមិនមែនខាងអយ្យការ ឬ ភាគីរដ្ឋប្បវេណីឡើយ។ ហេតុដូច្នេះ ចុងចោទត្រូវតែទទួលបន្ទុកបង្ហាញភស្តុតាងពី​សុទ្ធចិត្ត​របស់ខ្លួន។

.        មតិយោបល់

មតិយោបល់ត្រូវបានទទួលការការពារដោយរដ្ឋធម្មនុញ្ញកម្ពុជា មាត្រា៤១ និង​ច្បាប់ស្តី​ពីរបបសារព័ត៌មាន មាត្រា២០។
មាត្រា ៤១ (រដ្ឋធម្មនុញ្ញ)
            ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួនសេរីភាពខាងការបោះពុម្ពផ្សាយ និងសេរីភាព​ខាងការប្រជុំ។
មាត្រា ២០ (ច្បាប់ស្តីពីរបបសារព័ត៌មាន)
            អំពើប្រព្រឹត្តរបស់និយោជក និពន្ធនាយក ឬអ្នកនិពន្ធអត្ថបទដែលរំលោភច្បាប់ព្រហ្មទណ្ឌ ត្រូវ​ទទួលទោសតាមច្បាប់ព្រហ្មទណ្ឌ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏គ្មានជនណាម្នាក់ត្រូវចាប់ចង ឬជាប់​ពន្ធនាគារ ដោយសារការបញ្ចេញមតិឡើយ។
ដូច្នេះរាល់ការបញ្ចេញមតិយោបល់មិនត្រូវបានដាក់ទោស ដោយច្បាប់ព្រហ្មទណ្ឌរួមទាំង​ច្បាប់ បរិហារកេរ្តិ៍ផង​ដែរ។​
​ ដូចដែលពិភាក្សាខាងលើ មតិយោបល់មិនអាចផ្ទៀងផ្ទាត់បានទេ​ ដូច្នេះគេមិន​អាច​បង្ហាញ​ភស្តុតាងថាមតិយោបល់មួយពិត ឬមិនពិត ត្រូវឬខុស ឡើយ។ ច្បាប់បរិហារកេរ្តិ៍ផ្តន្ទាទោស​តែការ​ថ្លែង​ណាដែលមិនពិតដែលធ្វើឲ្យប៉ះពាល់កិត្តិយសអ្នកដទៃប៉ុណ្ណោះ។
          .      ការពិត
            ការពិតគឺជាមធ្យោបាយការពារចំពោះបណ្តឹងពីបទបរិហារកេរ្តិ៍។​ ទោះបីជាការនិយាយមួយ​បានប៉ះពាល់ដល់កិត្តិយសរបស់អ្នកណាម្នាក់ក៏ដោយ តែបើការនិយាយរឿងនោះ​ជារឿងពិត​ អ្នក​និយាយមិនទទួលខុសត្រូវពី​បទបរិហារកេរ្តិ៍ទេ។ ឧទាហរណ៍ ការនិយាយថាមន្ត្រីម្នាក់បាន​ទទួលសំណូក ថ្វីពាក្យស៊ីសំណូកនេះធ្វើឲ្យខូចកិត្តិយសរបស់មន្ត្រីនោះក៏ដោយ ក៏អ្នកនិយាយនោះ​មិន​អាច​ត្រូវបានដាក់ទោសពីបទបរិហារកេរ្តិ៍បានដែរ។  

.      សុទ្ធចិត្ត

            លក្ខណៈវិនិច្ឆ័យដើម្បីកំណត់អំពីនិយមន័យនៃសុទ្ធចិត្ត ត្រូវបានបង្ហាញនៅផ្នែកខាងលើ​រួច​​ហើយ។​ ឧទាហរណ៍ នៃរឿងក្តី​មួយដែល​តុលាការសិទ្ធិមនុស្សអឺរ៉ុប​បាន​សម្រេច​​យកធ្វើជាគំរូ ដើម្បីស្វែងយល់ពីលក្ខណៈវិនិច្ឆ័យនៃសុទ្ធចិត្ត។           
នេះជារឿងក្តីរបស់លោក Noël Mamère ជាសមាជិកសភាបារាំងមកពី​គណបក្ស​បៃតង​ ដែលបានដាក់បណ្តឹងទៅតុលាការសិទ្ធិមនុស្សអឺរ៉ុបជំទាស់ទៅនឹងតុលាការកំពូល​បារាំង (French Cour de cassation) ដែលដាក់ទោសគាត់ពីបទបរិហារកេរ្តិ៍។ ដំណើររឿងមានដូចខាងក្រោមនេះ។
            នៅពេលនិយាយជាមួយទូរទស្សន៍បារាំង២ (TV France 2) ក្នុងឆ្នាំ១៩៩៩ លោក Mamère បានឆ្លើយតបទៅ​នឹងអ្នកចូលរួមផ្សេងទៀត ដែលរំលឹកអំពីហេតុការន៍​នៃការផ្ទុះរោងចក្រ​នុយក្លេ​អ៊ែរ​នៅ Cher-nobyl នៅសហភាពសូវៀតក្នុងឆ្នាំ​១៩៨៦​​​ ថា "ជាច្រើនសប្តាហ៍បន្ទាប់ពី​ការផ្ទុះនោះ​មក នៅតែមានពពកនៃសារធាតុសេស្យូមបានឆ្លងចូលក្នុងប្រទេស​​​បារាំង ហើយនេះជាលទ្ធផល​នៃ​ការ​ផ្ទុះ​រោងចក្រនុយក្លេអ៊ែរ Chernobyl ។ ខ្ញុំបានបង្ហាញរឿងនេះដល់កាសែត នៅម៉ោង១៣ ក្នុងឆ្នាំ១៩៨៦ ជាថ្ងៃនៃមហន្តរាយនៅ Chernobyl បានកើតឡើង។ មានបុគ្គលបីសាចម្នាក់ឈ្មោះ Pellerin ធ្វើការនៅក្នុងអាជ្ញាធរមជ្ឈិមសម្រាប់ការការពារប្រឆាំងនឹងកាំរស្មីអ៊ីយ៉ុង​ នៅតែនិយាយច្រំ​ដែល​ៗ​ប្រាប់យើងថា ប្រទេសបារាំងជាប្រទេសខ្លាំងមានគំនិតថាខ្លួនឯងជាអាស្ទេរិក​ (Asterix complex)[17] ថាពពកនៃកាំរស្មីពី Chernobyl មិនបានហោះកាត់ព្រំដែនប្រទេសរបស់យើងទេ។[18]   លោកPellerin ជាពេទ្យឯកទេសខាងកាំរស្មីអគ្គិសនីវិទ្យា និងជាសាស្រ្តា   ចារ្យផ្នែកជីវរូបសាស្រ្ត និងជារដ្ឋមន្ត្រីសុខភាព និងការងារ ដែលដឹកនាំក្រសួងកណ្តាលសម្រាប់ការការពារប្រឆាំងនឹងកាំ​រស្មី​អ៊ីយ៉ុង​ក្នុង​អំ​ឡុង​​ពេល​ដែលមានមហន្តរាយនៅ Chernobyl បេសកកម្មរបស់គាត់គឺត្រូវគ្រប់គ្រងកម្រិត​នៃការរាលដាលឆ្លងកំទេចកាំរស្មីនៅក្នុងដែនដីប្រទេសបារាំង និងផ្តល់ព័ត៌មានបន្ទាន់ទៅក្រសួង​ទាំងអស់អំពី​បញ្ហានេះ។
            ក្នុងខែតុលា ឆ្នាំ២០០០ លោកMamère ត្រូវបានសាលាដំបូងក្រុងប៉ារីសកោះហៅឲ្យបំភ្លឺ​លើ​បណ្តឹងពីបទ​បរិហារកេរ្តិ៍ដែលប្តឹងដោយលោក Pellerin គាត់ត្រូវបានតុលាការផ្តន្ទា​ទោស​​ឲ្យ​​  ប​ង់​ប្រាក់ពិន័យ​ចំនួន១ម៉ឺនហ្រ្វង់ និងសងជម្ងឺចិត្តចំនួន៥ម៉ឺនហ្រ្វង់ និងបង្គាប់ចុះផ្សាយសាលក្រម​​តុលាការ​នៅលើទំព័រកាសែតទៀត ដោយចំណាយប្រាក់ខ្លួនឯង។ លោក Mamère បានប្តឹង​ទៅសាលាឧទ្ធរណ៍ក្រុងប៉ារីស។សាលា​ឧទ្ធរណ៍ក្រុងប៉ារីស​បានតម្កល់សាលក្រម​សាលាដំបូង ដោយមានមូល​ហេតុថា លោក Mamère ខ្វះការថ្លឹងថ្លែងនៅក្នុងការនិយាយស្តី៖
            . ការប្រើពាក្យពេចន៍ដូចជា​ “នៅតែនិយាយច្រំដែលៗប្រាប់យើងលោក Mamère ទទូចយ៉ាងខ្លាំង និងគ្មានអ្វីគួរមន្ទិល ថាលោក Mr Pellerin​ មានចេតនាកុហកច្រំដែលៗ និងថាគាត់បានក្រឡៃការពិតមក​រហូតគ្មានផ្លាស់ប្តូរនិងដោយដឹងខ្លួន
            . គាត់ក៏បាននិយាយពីលោក Pellerin ថាជាបីសាចដែលនេះ​មិនមែនជាការបញ្ចេញ​សំដីអព្យាក្រឹត ជាពិសេសកាលណាប្រើពាក្យនេះភ្ជាប់ជាមួយអ្វីម្យ៉ាងដូចជាគ្រោះ​មហន្តរាយ Chernobyl នេះ គាត់ក៏និយាដែរថា ភាគីរដ្ឋប្បវេណីកើតគំនិត ចាត់ខ្លួនឯងជាអាស្តេរិច”​[19] ដូចនេះធ្វើឲ្យ​លោក Pellerin ជាមនុស្សគួរឲ្យសើចចំអក និងជាមនុស្សមិនគួរឲ្យទុកចិត្តបាន
            . ការដែលលោក Mamère មិនទុកមុខ ការនិយាយបង្គ្រប​ ចរិតប្រមាថកាតទានលើ​ភាគី    រដ្ឋប្បវេណីបង្ហាញអំពីការខ្វះខាតនូវមជ្ឈន្តិកភាព (ភាពនៅជាកណ្តាល, ភាពមិនហួស​​ហេតុ) នៃសំដីរបស់គាត់
            . ដោយហេតុថាគាត់ខ្វះលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌផ្សេងទៀតនៃធាតុផ្សំ​សុទ្ធចិត្ត ចុងចម្លើយមិនត្រូវបានចាត់ទុកថា បាននិយាយដោយសុទ្ធចិត្តនោះទេ ដូច្នេះហើយ តុលាការក៏មិនចាំបាច់ពិនិត្យលើទិដ្ឋភាពផ្សេងទៀតនៃធាតុផ្សំសុទ្ធចិត្តដែរ។
            . ដូច្នេះគាត់ត្រូវផ្តន្ទាទោស។
            តុលាការកំពូលបារាំងក្នុងខែតុលា ឆ្នាំ២០០២ បានតម្កល់សាលដីកា​សាលាឧទ្ធរណ៍ទៀត។ បន្ទាប់មក ​រឿងក្តីនេះត្រូវបានប្តឹងបន្តទៅតុលាការសិទ្ធិមនុស្សអឺរ៉ុបក្នុងខែមេសា ឆ្នាំ២០០៣។
            ក្នុងខែឧសភា ឆ្នាំ២០០៦ គណៈកម្មការដើម្បីស្រាវជ្រាវ និងព័ត៌មានឯករាជ្យស្តីពីវិទ្យុសកម្ម និងសមាគមបារាំងនៃអ្នកមានជម្ងឺក្រពេញទីរ៉ូអីតបានទទួលស្គាល់ថាមន្រ្តីនាពេលនោះបាន​កុហក និងប៉ាន់ប្រមាណ​​​មិនដល់នូវកំទេចវិទ្យុសកម្មហោះពី Chernobyl ធ្លាក់ចូលប្រឡាក់​ប្រឡូក​ប្រទេសបារាំង តុលាការអឺរ៉ុបបានចេញនូវសាលក្រមរបស់ខ្លួនក្នុងខែវិច្ឆិកា ឆ្នាំ២០០៦។ នៅក្នុងសាលក្រមនោះ តុលាការ​អឺរ៉ុបមិនយល់ស្របតាមតុលាការបារាំងដែលថាលោក Mamère គ្មានសុទ្ធចិត្តនោះទេ ដោយមានសំអាងហេតុផល​ថា[20]
·         ការនិយាយរបស់លោក Mamère ពាក់ព័ន្ធនឹងប្រធានបទដែលជាក្តីបារម្ភជាទូទៅ ពោលគឺការការពារបរិស្ថាន ​និងសុខភាពសាធារណៈ។ [ធាតុផ្សំនៃសុទ្ធចិត្ត ៖ ​​គោ​លបំណងសមរម្យ]
·         លោក Mamère និយាយក្នុងសមត្ថភាពគាត់ជាអ្នកតំណាងរាស្ត្រដែលជាប់​ឆ្នោតម្នាក់​ដែល​លះបង់​សម្រាប់​បុព្វហេតុអេកូឡូស៊ី ដូច្នេះសំដីរបស់គាត់ត្រូវចាត់ទុកថា ការ​សម្ដែង​មតិខាងនយោបាយ “សកម្មជន [ធាតុផ្សំនៃសុទ្ធចិត្ត ៖ គ្មានភាពជាសត្រូវ មិនមានធាតុស្អប់ឬគំនុំជាមួយលោក Pellerin ឡើយ)]
·         បុគ្គលដែលនិយាយអំពីសាច់រឿងដែលជាក្តីបារម្ភជាទូទៅគួរមាន​ឱកាសរួចពីការទទួល​ខុសត្រូវ ពេលណាគេបាន​សម្តែង​សុទ្ធចិត្ត ឬនិយាយការពិត (ក្នុងករណីគាត់អះអាង​ពីអំពើ ឬព្រឹត្តិ​ការណ៍អ្វីមួយ)
·         តាមបញ្ញត្តិនៃមាត្រា ៣៥ នៃច្បាប់ឆ្នាំ១៨៨១ តុលាការបារាំង បានរារាំងជនជាប់ចោទ​ក្នុង​ការ​​ឲ្យប្រើភស្តុតាងខាងអង្គហេតុនៃអំពើបរិហារកេរ្តិ៍ ដែលបានកន្លងមកជាង ១០ ឆ្នាំហើយទេ (ហេតុការណ៍​នៃមហន្តរាយឆ្នាំ១៩៨៦)[21] តុលាការអឺរ៉ុបមិនយល់ស្របជា​មួយ​នឹង​ការ​​អះអាងបែបនេះទេ។ ក្នុងន័យទូទៅ តុលាការអឺរ៉ុបយល់ស្របនឹងតក្កភាព (ភាពមានហេតុផល) នៃការកំណត់អាជ្ញាយុកាលប្រភេទនេះ  ព្រោះថាកាលណា​ព្រឹត្តិការណ៍ដែលបានអះអាង​កន្លងផុតកាន់តែយូរទៅ គេកាន់តែពិបាកក្នុងការកំណត់​ការពិតនៃព្រឹត្តិការណ៍នោះណាស់។ ប៉ុន្តែ ចំពោះព្រឹត្តិការណ៍ប្រវត្តិ​សាស្រ្ត ឬព្រឹត្តិ​ការណ៍វិទ្យាសាស្រ្តវិញ អង្គហេតុថ្មីអាចផុសចេញច្រើន​ឆ្នាំក្រោយមកដែលធ្វើឲ្យការ​ជជែក​វែកញែក​ក​កាយបានព័ត៌មានកាន់តែសម្បូណ៍ ហើយការជជែកវែកញែកនោះ​ជួយធ្វើឲ្យប្រជាពល​រដ្ឋ​កាន់តែយល់ដឹងពីអ្វីដែលបានកើតឡើង។
·         ស្តីពីការខ្វះនូវមជ្ឈន្តិកភាព (ភាពជាកណ្តាល) (Modération ou prudence dans l’expression) តុលាការអឺរ៉ុបមានមូលហេតុយ៉ាងនេះ ៖
. តាមមតិរបស់តុលាការ ពាក្យសំដីដែលកើតជាការប្តឹងផ្ដ​ល់គ្នានៅក្នុងរឿងនេះ ទោះបីជាការចំអកឡកឡឺយក្តី ក៏នៅតែស្ថិតក្នុងព្រំដែននៃការនិយាយបំផ្លើស ឬការនិយាយបង្កហេតុដែលនៅទទួលបានដែរ  តុលាការរកមិនឃើញថាមានភាសាជេរប្រមាថច្បាស់ទែងនៅក្នុងពាក្យដែលគាត់និយាយ​នោះ​ទេ ព្រោះថា ៖ ថ្វីបើគាត់ហៅលោក Pellerin ថាជាតួបីសាចក្តី អត្ថន័យពិតប្រាកដនៃពាក្យគឺជាការប្រៀបធៀប ​​ហើយការដែលថា​លោក​ ​Mamère មិនសូវនិយាយសំដៅទៅលោក Pellerin ជាបុគ្គល ប៉ុន្តែជាតំណាងនៃអង្គភាពមួយដែលនៅជួរមុខទាក់ទងនឹងការផ្តល់ព័ត៌មានទៅសាធារណជនអំពីឥទ្ធិពលនៃមហន្តរាយ Chernobyl មានទៅ​លើប្រទេសបារាំង ដែលជាព្រឹត្តិការណ៍បីសាច បញ្ជាក់ឲ្យឃើញថាលោក Mamère មិននិយាយ​ផ្ទាល់ទៅរក Pellerin ដែរ
. ចំពោះពាក្យថាចាត់ខ្លួនជាអាស្ទេរិចនោះ វាគ្រាន់តែជារូបភាពនៃពពក​វិទ្យុសកម្មមួយជាប់គាំងត្រឹមព្រំដែនប្រទេសបារំាង ដែលគេអាចមើលឃើញដូច​រូប​ត្លុកនៃស្ថានភាពមួយដែលលោក Mamère មើលឃើញ ដោយរំលឹកជាពិសេសពី ឥរិយាបថដ៏មានទំនុកចិត្តនៃអាជ្ញាធរ​នាំឲ្យបាត់សុភវិនិច្ឆ័យចំពោះទីតាំងភូមិសាស្រ្​តនៃប្រទេសបារាំង (សូម្បី​​​តែឥទ្ធិពលពិត​ប្រាកដពីមហន្តរាយពិតរបស់ Chernobyl មកលើប្រទេសបារាំង ក៏គ្មាននរណាដឹងច្បាស់ដែររហូតមកដល់សព្វថ្ងៃ)
. ចំពោះឃ្លាដែលថានិយាយច្រំដែលៗប្រាប់យើងជាជាងនិយាយកុហក​ដោយ​ចេតនាច្រំដែលៗ គេអាចមើលឃើញថា ឃ្លានេះគ្រាន់តែជាការនិយាយ​ដល់សេចក្តីថ្លែងការណ៍ជាច្រើនដង​របស់​​​នាយកនៃអាជ្ញាធរមជ្ឈិមសម្រាប់​ការ​ការពារប្រឆាំងនឹងកាំរស្មី     អ៊ីយ៉ុង​តាមបណ្តាញផ្សាយព័ត៌មាន​ដែល​កាល​នោះ​​ដើមបណ្តឹងសាទុក្ខ (ដែលនៅពេលមហន្តរាយកើតឡើង​ដើមបណ្តឹង​សាទុក្ខ​​ [Mamère]​​ជាសាក្សីជាប់នឹងព្រឹត្តិការណ៍ជាងគេ)។  
. ពាក្យសំដីទាំងនោះត្រូវពិចារណានៅក្នុងបរិបទរបស់វា៖ ដើមបណ្តឹង​សាទុក្ខ​បញ្ចេញប្រតិកម្មភ្លាមៗទៅលើការលើកឡើងរបស់អ្នកចូលរួមពិភាក្សាម្នាក់ទៀតអំពីសៀវភៅមួយដែលឧទ្ទិសជូនជនរងគ្រោះនៃមហន្តរាយ Chernobyl និងអំពីអារម្មណ៍​រំជួល​​របស់​គាត់ ដែលដុះចេញពីការអានសៀវភៅនោះ នៅក្នុងកម្មវិធីមួយដែល​មិនសូវមានព័ត៌មានផ្សាយ តែមានឆាកកំសាន្តច្រើន ហើយជាកម្មវិធីដែលទទួល​បានប្រជាប្រិ​យភាពដោយសារ​តែ​និយាយ​បំភ្លៃ​ការពិត​ និងរបៀបជាបង្កឲ្យភាពចំរូងចំរាស់
·         តាមទស្សនៈរបស់តុលាការ ហេតុផលដែលបានផ្តល់ដោយតុលាការក្នុងស្រុក(តុ​លា​ការ​បារាំង) សម្រាប់​គាំទ្រការរកឃើញរបស់ខ្លួនថាគ្មានសុទ្ធចិត្ត ​ស្តែងឲ្យឃើញនូវការ​បក​ស្រាយដ៏រឹងកំ​-ព្រឹស​​​នូវពាក្យសំដីដើមបណ្តឹងសាទុក្ខ ដែលមិនងាយស្រួលនឹងសម្រុះ​សម្រួល​ជាមួយនឹងសេរីភាពខាងការបញ្ចេញមតិ។
·         តុលាការអឺរ៉ុបមិនយល់ស្របជាមួយនឹងតុលាការបារាំងដែលថា Mamère ខ្វះសុទ្ធចិត្ត។

៦.     បញ្ហានីតិវិធី តួនាទីព្រះរាជអាជ្ញា និងដើមបណ្តឹងរដ្ឋប្បវេណី

.   ទោះបីការបរិហារកេរ្តិ៍ជាសាធារណៈជាបទល្មើសមជ្ឈិម​ក្តី ក៏ព្រះរាជអាជ្ញាមិនអាច​ផ្តើមបណ្តឹងដោយខ្លួនឯងបានឡើយ។ បណ្តឹងត្រូវតែធ្វើចេញពី​​បុគ្គលដែលត្រូវបាន​​ គេ​​បរិហារកេរ្តិ៍ (មាត្រា ៣០៩ ក្រមព្រហ្មទណ្ឌ) បណ្តឹងអាជ្ញាបរិហារកេរ្តិ៍​នេះ​នឹង​ត្រូវ​រំលត់ភ្លាម បើដើមបណ្តឹងបានដកពាក្យបណ្តឹង។
.  ព្រះរាជអាជ្ញាអាចជាដើមបណ្តឹងអាជ្ញាបាន កាលបើការបរិហារកេរ្តិ៍កើតចេញពីមូល​ហេតុជាតិកំណើត ជាតិពិន្ធុ ពូជសាសន៍ ឬសាសនា។
. បើជនដែលត្រូវគេបរិហារកេរ្តិ៍ចង់​ប្ដឹង​បណ្តឹងព្រហ្មទណ្ឌដើម្បីទាមទារសំណងខូច​ខាត គាត់ត្រូវតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី (ក្រមនីតិវិធីព្រហ្មទណ្ឌ៖ មាត្រា ២ ស្តីពីការបែងចែកបណ្តឹងព្រហ្មទណ្ឌនិងបណ្តឹងរដ្ឋប្បវេណី មាត្រា ៥ ស្តីពីការតាំងខ្លួនជា​ដើមបណ្តឹងរដ្ឋប្បវេណី) ។

៧.     ដើមបណ្តឹងរដ្ឋប្បវេណី

យោងតាមក្រមនីតិវិធីព្រហ្មទណ្ឌ មាត្រា៥ ជនរងគ្រោះនៃបទឧក្រិដ្ឋ ឬបទមជ្ឈិម​អាចដាក់ពាក្យបណ្តឹង ដោយតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី​នៅចំពោះមុខចៅក្រមស៊ើបសួរ។ បញ្ហាមួយកើតឡើង ៖ ដោយហេតុថាបណ្តឹងបរិហារកេរ្តិ៍ ទាមទារឲ្យមានដើម​បណ្តឹង​រដ្ឋប្បវេណី​ប្តឹងទៅព្រះរាជអាជ្ញាដើម្បីឲ្យព្រះរាជអាជ្ញាដំណើរការបណ្តឹងបាន សំណួរចោទសួរថា តើជន​រងគ្រោះអាចតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីជាមួយចៅក្រមស៊ើបសួរនោះយ៉ាងដូចម្តេចវិញ? តើបណ្តឹងអាជ្ញាគួរត្រូវបានដាក់មុនហើយបន្ទាប់មកតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីនៅពេល​ក្រោយ​ជាមួយចៅក្រមស៊ើបសួរ ពេលដែលចៅក្រមស៊ើបសួរ​ទទួល​ដីកា​បញ្ជូនរឿងឲ្យស៊ើបសួរឬ?
មានជម្រើសពីរសម្រាប់ជនរងគ្រោះដើម្បីតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី។ ជម្រើសទីមួយគឺ ជនរងគ្រោះត្រូវតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី​ នៅពេលដែល​ព្រះរាជ​អាជ្ញាបានដាក់ដីកាបញ្ជូនរឿង​ឲ្យ​​ស៊ើបសួរទៅចៅក្រមស៊ើបសួរ។ ជម្រើសមួយទៀតគឺ ជនរងគ្រោះ​ដាក់ពាក្យបណ្តឹងទៅចៅក្រមស៊ើបសួរ។
·         ជម្រើសទី ១​ បណ្តឹងអាជ្ញាផ្តើមឡើងដោយព្រះរាជអាជ្ញា ជនរងគ្រោះ​ពីបទ​បរិហារកេរ្តិ៍ត្រូវប្តឹងទៅព្រះរាជអាជ្ញាសិន ដើម្បីឲ្យព្រះរាជអាជ្ញាចាត់ការ​បណ្តឹង​ព្រហ្​មទណ្ឌ។ រួចមកដើម      បណ្តឹងត្រូវប្តឹងចៅក្រមស៊ើបសួរ នៅពេលដែលដីកាបញ្ជូន​រឿងឲ្យស៊ើបសួរបានមកដល់ដៃចៅក្រមស៊ើបសួរដើម្បីតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី។ ជនរងគ្រោះអាចប្រកាសដល់ចៅក្រមស៊ើបសួរថា គាត់ជាភាគីនៃដើម​បណ្តឹង​រដ្ឋ​ប្បវេណីពេលដែលចៅក្រមស៊ើបសួរបើកការស៊ើបសួរ​ (មាត្រា១៣៧នៃ​ក្រមនី​តិវិធី​ព្រហ្មទណ្ឌ) ជនរងគ្រោះអាចប្រកាសខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី​ដោយផ្ទាល់មាត់ ឬដោយលិខិតទៅចៅក្រមស៊ើបសួរបាន។ តែតាមជម្រើសនេះ​គេនៅតែមានចំណោទ​​សួរថា តើព្រះរាជអាជ្ញាអាចចាត់ការបណ្តឹងបរិហារកេរ្តិ៍ តាមរយៈបណ្តឹងសាមញ្ញ (បណ្តឹងរបស់មនុស្សម្នាក់ដែលមិនទាន់បានតាំងខ្លួនជា ដើម​បណ្តឹងរដ្ឋប្បវេណី) បានដែរឬទេ[22] ។ បណ្តឹងសាមញ្ញគឺជាបណ្តឹង​ដែលអនុញ្ញាតឲ្យជនរងគ្រោះទាមទារឲ្យផ្តន្ទាទោសចារីនៃបទល្មើស ដោយជនរងគ្រោះផ្តល់ព័ត៌មានដល់ប៉ូលីស កងអាវុធហត្ថ ឬ ព្រះរាជអាជ្ញា[23]។ សំណួរមួយទៀត បើព្រះរាជអាជ្ញាប្រើនីតិវិធីនាំយកមកជម្រះ​ផ្ទាល់[24] (ដោយមិន​បើក​ ការ​ស៊ើបសួរដោយចៅក្រមស៊ើបសួរ) តើជនរងគ្រោះត្រូវតាំងខ្លួនជាមួយចៅ​ក្រម​ជំនុំជម្រះ​បានដែរ ឬទេ[25]? បើជនរងគ្រោះមិនអាចតាំងខ្លួនជាដើមបណ្តឹង​រដ្ឋប្បវេណីបាន តើគាត់អាចទាមទារការខូចខាតបានដែរ ឬទេ?[26]
·         ជម្រើសទី ២ ការដាក់បណ្តឹងជាមួយចៅក្រមស៊ើបសួរ ស្ថានភាពនេះកើត​ឡើងបានលុះណាតែគ្មានដីកាបញ្ជូនរឿងឲ្យស៊ើបសួរដែលធ្វើឡើងដោយព្រះរាជអាជ្ញា។ ជនរងគ្រោះ អាច​ទៅជួប និងដាក់បណ្តឹងដោយផ្ទាល់ជាមួយ​នឹងចៅក្រមស៊ើប​សួរ​ (មាត្រា១៣៨ ក្រមនីតិវិធីព្រហ្មទណ្ឌ)ជនរងគ្រោះត្រូវប្រកាសចំពោះមុខ​ចៅក្រមស៊ើបសួរអំពី​បណ្តឹង​ខ្លួនថា ខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី។ បន្ទាប់មក​បណ្តឹង​របស់​ជន​គ្រោះនឹងត្រូវ​បញ្ជូន​ទៅព្រះរាជអាជ្ញា (មាត្រា១៣៩ក្រមនីតិវិធី​ព្រហ្ម​ទណ្ឌ) ចេញពីចំណុចនេះ​លំហូរ​ធម្មតា​នៃ​នីតិវិធី​បណ្តឹងអាជ្ញាចាប់ផ្តើម។ បន្តពីនេះ​ទៅ​ព្រះ​រាជអា​ជ្ញាក្លាយជាដើម​បណ្តឹងនៃបណ្តឹងអាជ្ញា។ បន្ទាប់ពីពិនិត្យលើបណ្តឹង  មា​នធាតុផ្សំគ្រប់​គ្រាន់ហើយ ព្រះរាជអាជ្ញាបញ្ជូនដីកាបញ្ជូនរឿងឲ្យស៊ើបសួរទៅ​ចៅក្រមស៊ើបសួរ។
·         ការតម្កល់ ក្នុងឋានៈខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី ជនរងគ្រោះត្រូវបង់ប្រាក់​តម្កល់ទៅតុលាការដើម្បីជាកិច្ចធានាទល់នឹងបណ្តឹងដោយបំពានឬបណ្តឹងអូសបន្លាយ (មាត្រា១៤១ ក្រមនីតិវិធីព្រហ្មទណ្ឌ) នេះម្យ៉ាង ហើយ​ម្យ៉ាងវិញទៀត សម្រាប់​ឲ្យតុលាការដំណើរការរឿងក្តីនោះផងដែរ (មាត្រា១៤០ ក្រមនីតិវិធីព្រហ្មទណ្ឌ) តុលាការនឹងលើកបណ្តឹងចោល បើប្រាក់តម្កល់មិនត្រូវបានបង់តាមកាលកំណត់។ ប៉ុន្តែ បើដើមបណ្តឹងរដ្ឋប្បវេណីនោះជាជនក្រីក្រ​ពុំមានលទ្ធភាពបង់ តុលាការអាច​លើក​លែងការ​បង់ប្រាក់តម្កល់នោះបាន។
នៅចុងបញ្ចប់នី​តិវិធី ​ប្រាក់តម្កល់នឹងត្រូវប្រគល់ឲ្យដើមបណ្តឹងរដ្ឋប្បវេណីវិញ។ ​​​ ​ប៉ុ​​​ន្តែបើ បណ្តឹង​​ធ្វើ​​ដោយបំពាន តុលាការនឹងសម្រេចពិន័យដើមបណ្តឹង​រដ្ឋប្បវេណី​នោះ ប៉ុន្តែប្រាក់ពិន័យ​នោះមិនត្រូវលើសពីប្រាក់ដែលបានដាក់តម្កល់ឡើយ។ បុគ្គល​ដែលត្រូវបានគេប្តឹងដោយបំពានអាចដាក់បណ្តឹងទា​មទារសំណងនៃការខូច​ខា​តពីដើមបណ្តឹងរដ្ឋប្បវេណីនោះបាន។
ក្រមនីតិវិធីព្រហ្មទណ្ឌមិន​កំ​ណត់អំពី​ចំនួនជាក់លាក់នៃប្រាក់តម្កល់នេះឡើយ។
ជម្រើសទី ២ អាចធ្វើទៅបាន កាលបើស្ថាប័នចៅក្រមស៊ើបអង្កេតមានអត្ថិភាពជា​អង្គភាព​មួយឧទាហរណ៍ ជាមន្ទីរចៅក្រមស៊ើបសួរមិន​មែនជាការតែងតាំងចៅក្រមស៊ើបសួរចំពោះកិច្ច ដូចក្នុងករណីនៃការអនុវត្តនៅប្រទេសកម្ពុជាបច្ចុប្បន្ននេះទេ។ ប្រទេសកម្ពុជាគ្មានចៅ​ក្រមស៊ើប​អង្កេត​ជាអចិន្ត្រៃយ៍ទេ។គាត់ត្រូវបានព្រះ​រាជ​អាជ្ញា​​តែងតាំងពេលណាមានរឿងព្រហ្មទណ្ឌដែល​ត្រូវ​បាន​បញ្ជូនមកឲ្យស៊ើបសួរប៉ុណ្ណោះ។

នីតិវិធីបណ្តឹងនៃការសុំទទួលស្គាល់ជាភាគីដើមបណ្តឹងរដ្ឋប្បវេណីនៅប្រទេសបារាំង

ក. បុរេលក្ខខណ្ឌសម្រាប់ការដាក់បណ្តឹងសុំទទួលស្គាល់ជាភាគីដើមបណ្តឹងរដ្ឋប្បវេណី
ទី​១ ជនរងគ្រោះត្រូវដាក់ពាក្យបណ្តឹងសាមញ្ញ[27]មួយជាមួយព្រះរាជអាជ្ញា។
ទី២ ព្រះរាជអាជ្ញា​មិនព្រមធ្វើបណ្តឹងអាជ្ញា ហើយចេញដីកាតម្កល់រឿងមិនចាត់ការ ដោយចេញ​លិខិតប្រាប់ទៅដើមបណ្តឹងសាមញ្ញថាខ្លួនមិនចាត់ការក្នុងរឿងនេះទេ។
ខ. ដាក់ពាក្យបណ្តឹងដោយតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី
ជំហានទី ១ រៀបចំបណ្តឹង ដោយចង្អុលបង្ហាញពីអាសយដ្ឋានរបស់ភាគីដើមបណ្តឹងរដ្ឋប្បវេណី និង​​​ចុងចម្លើយ ពីចេតនាចង់តាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី ពីប្រភេទនៃបទល្មើស និងបទបញ្ញត្តិ​ច្បាប់ដែលយកមកអនុវត្ត រៀបរាប់ពីអង្គហេតុដែលពាក់ព័ន្ធ បញ្ជីសាក្សី (បើមាន) និង ចំនួនសំណងនៃការខូចខាត ចុះកាលបរិច្ឆេទ និងចុះហត្ថលេខា។
ជំហានទី ២ ផ្ញើសំណុំឯកសារនេះទៅការិយាល័យចៅក្រមស៊ើបសួរ ដោយផ្ញើទៅកាន់ប្រធាន ការិយាល័យចៅក្រមស៊ើបសួរ។
ចំពោះបទល្មើឧក្រិដ្ឋ បទល្មើសសារព័ត៌មាន ឬបទល្មើសបោះឆ្នោត ជនរងគ្រោះ​មិនចាំបាច់ប្តឹងទៅព្រះរាជអាជ្ញាសិនទេ។ ជនរងគ្រោះត្រូវដាក់បណ្តឹងផ្ទាល់ទៅ​ចៅក្រម​ស៊ើប​សួរតែម្តង។
គ.  អត្ថប្រយោជន៍នៃការដាក់ពាក្យជាដើមបណ្តឹងរដ្ឋប្បវេណី
            .        ដើម្បីឲ្យបណ្តឹងអាជ្ញាមាន​ដំណើរ​ការ​
            .        មេធាវីដើមបណ្តឹងរដ្ឋប្បវេណីអាចមើលសំណុំរឿងបាន
            .        ភាគីដើមបណ្តឹងរដ្ឋប្បវេណីត្រូវទទួលដំណឹងអំពីដំណើរ​ការ​ទៅ​មុខ​នៃរឿងក្តី
.        ភាគីដើមបណ្តឹងរដ្ឋប្បវេណីអាចស្នើសុំឲ្យចៅក្រមស៊ើបសួរចាត់វិធានការស៊ើបអង្កេតជាក់លាក់ណាមួយ
            .        ភាគីដើមបណ្តឹងរដ្ឋប្បវេណីអាចធ្វើបណ្តឹងឧទ្ធរណ៍បាន។
​​                ឃ.       គុណវិបត្តិនៃដើមបណ្តឹងរដ្ឋប្បវ
              ១. ត្រូវបង់ប្រាក់​កម្កល់ជាកិច្ចធានាបណ្តឹងដោយបំពាន
.  ត្រូវចង្អុលបង្ហាញពីបទល្មើសជាក់លាក់ និងបញ្ញត្តិច្បាប់ដែលអាចយក​មក​អនុវត្តបាន​។ កិច្ចការនេះ ត្រូវការមានអ្នកជំនាញច្បាប់ជួយព្រាងពាក្យបណ្តឹង
.  អាចមើលសំណុំរឿងបានតែចំពោះមេធាវីប៉ុណ្ណោះ
.  ដើមបណ្តឹងរដ្ឋប្បវេណីមិនអាចជាសាក្សីបានទេ។ តុលាការអាចស្តាប់តែចម្លើយ​របស់​គាត់ប៉ុណ្ណោះ
 បើភាគីដើមបណ្តឹងរដ្ឋប្បវេណីចាញ់ក្តី គាត់ត្រូវសងសំណងនៃការខូចខាតទៅ​ចុងចម្លើយ ថ្លៃដំណើរការនីតិវិធី (ឬក្នុងករណីខ្លះអាចទទួលខុសត្រូវ​ចំពោះបណ្តឹង​បរិហារ​បង្កាច់​កេរ្តិ៍)





[1] សូមមើលអត្ថបទជាភាសាអង់គ្លេស http://www2.ohchr.org/english/bodies/hrc/comments.htm)
[2] កថាខណ្ឌទី ៤៧ អត្ថាធិប្បាយទូទៅ លេខ​៣៤។
[3] ដូចកំណត់ខាងលើ។
[4] កថាខ័ណ្ឌ ៣៨ អត្ថាធិប្បាយទូទៅលេខ​ ៣៤។
[5] ដូចកំណត់ខាងលើ។
[6]  យុត្តិ​សាស្រ្តបារាំង (Crim. 3 juill. 1980, Bull.crim No. 215; Rev.sc. crim 1981) ចែងថា​ “សាលទទួល​ទានអាហារនៃភោជនីយដ្ឋានមួយ ដែលបំរុងទុកសម្រាប់តែបុគ្គលិកនៃក្រុមហ៊ុនមួយមិនត្រូវចាត់ទុកកន្លែងនោះជាទី​សាធារណៈ​​ឡើយ សំរាប់គោលបំណងនៃមាត្រា ២៣ នៃច្បាប់ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ១៨៨១ ឲ្យតែទីកន្លែងនេះមិនបង្កើតឡើងសម្រាប់​ឲ្យអ្នកក្រៅក្រុមហ៊ុនចេញចូលបាន ហើយចំពោះបុគ្គលិក​ក្រុមហ៊ុនវិញ ទោះបីបុគ្គលិកមានចំនួនប៉ុន្មាននាក់ក៏ដោយ [ចូលមកកន្លែងនោះ] ទីកន្លែងប្រភេទនេះមិនត្រូវចាត់ទុកជា​ទីសាធារណៈ ​ស​ម្រាប់​គោលបំណងនៃមាត្រានេះឡើយ”​
[7] Jean Larguier, Anne-Marie Larguier, Droit pénal  spécial, Dalloz, 11th Edition, 2000, p. 148.
[8] Crim. 8 October 1974, Bull.crim No. 280
[9] Crim. 10 juillet 1973, Bull.crim. No. 321
[10] សូមមើលនៅក្នុងទំព័រ http://www.dictionnaire-juridique.com/definition/allegation.php  
[11] សូមមើលនៅក្នុងទំព័រ http://www.cnrtl.fr/lexicographie/imputer
[12] Crim. 12 mars 1969, Bull. Crim. No 120: ដើម្បីធ្វើមូលវិចារណ៍លើលក្ខណៈគតិយុត្ត ដើម្បីហៅថាសេចក្តីថ្លែងមួយជាសេចក្តីថ្លែងបរិហារកេរ្តិ៍ ចៅក្រមត្រូវយកមកពិចារណាមិនត្រឹមតែកាលៈទេសៈដែលលើកឡើងនៅក្នុងការចោទប្រកាន់នោះទេ តែរឿងខាងក្រៅទៀតដែល​​អាចបង្ហាញឲ្យឃើញថាពាក្យដែលជាប់ការចោទប្រកាន់នោះមានន័យពិតប្រាកដ និងដើម្បីអាចបញ្ជាក់ពីលក្ខណៈនៃបទល្មើសនោះ។
[13] ជានិយមន័យដែលប្រើនៅក្នុងរឿងក្តីអង់គ្លេស Sim v. Stretch [1936]
[14] Andrew T. Kenyon, Defamation: Comparative Law and Practice, UCL Press, 2007, p.35.
[15] គណៈកម្មាធិការសិទ្ធិមនុស្ស, អត្ថាធិប្បាយ លេខ ៣៤ កថាខណ្ឌទី ៣៨។
[16] ប្រភពដូចគ្នា ត្រង់កថាខ័ណ្ឌទី ៤៧។
[17] The Adventures of Asterix is a series of comic books by a French author. Asterix is small but confident, whereas his companion, Obelix, is big and strong, but not very clever
[18] រឿងក្តី Mamère v. France សាលដីការបស់តុលាការសិទ្ធិមនុស្សអឺរ៉ុប, កថាខ័ណ្ឌ៥។
[19] អាសេ្តរិច ឬ Asterix ជាតួអង្គក្នុងគំនូរតុកត្តាមាឌតូច តែមានប្រាជ្ញា ដែលរស់នៅក្នុងផ្នែកមួយនៃប្រទេសបារាំងសម័យដើមដែលគ្មានបច្ចា​មិត្ត​ណាមកដណ្តើមបាន សូម្បីទីកន្លែងផ្សេងៗនៃប្រទេសបារាំងត្រូវបានដោយពួករ៉ូមាំងក្តី។  មានន័យថា​មនុស្សគិតថាខ្លួនឯងពូកែលើគេ      រហូត។
[20] រឿងក្តី Mamère v. France សាលដីការបស់តុលាការសិទ្ធិមនុស្សអឺរ៉ុប, កថាខ័ណ្ឌ២៤ និង ២៥។
[21] រដ្ឋាភិបាលបារាំងអះអាងថា គោលការណ៍នេះមានហេតុផលមកពីឆន្ទៈរបស់អ្នកធ្វើច្បាប់បារាំងចង់ហាមឃាត់មិនឲ្យជំទាស់ដើម្បីរកការពិតទាក់ទងនឹងព្រឹត្តិការណ៍ចាស់ដោយគ្មានកំណត់ពេលវេលានោះទេ។ រដ្ឋាភិបាលបារាំងបន្ថែមទៀតថា អ្នកប្តឹងសាទុក្ខ (Maère) ទោះក្នុងករណីណាក៏ដោយមានឱកាសឈ្នះក្តីតិចណាស់ សូម្បីតែគាត់ត្រូវផ្អែកលើមធ្យោបាយការពារបែបនោះក៏ដោយ។
[22] មាត្រា ៦ ក្រមនីតិវិធីព្រហ្មទណ្ឌ ៖ “បុគ្គលគ្រប់រូបដែលប្រកាសថា ខ្លួនជាអ្នករងគ្រោះនៃបទល្មើស អាចដាក់ពាក្យប្តឹងបាន។ ពាក្យប្តឹងសាមញ្ញ គ្មានអានុភាពនាំឲ្យធ្វើការចោទប្រកាន់ជាបទព្រហ្មទណ្ឌទេ។”
[23] សូមមើលនិយមន័យនៃ “បណ្តឹងសាមញ្ញ” នៅក្នុងទំព័រ http://www.leparticulier.fr/jcms/p1_1520856/la-plainte-simple
[24] មាត្រា ២៩១ ក្រមនីតិវិធីព្រហ្មទណ្ឌ ៖ “ក្នុងរឿងព្រហ្មទណ្ឌសាលាដំបូងត្រូវបានទទួលបណ្តឹងដោយ៖ ...ដីកាបញ្ជូនទៅតុលាការជំនុំជម្រះដោយផ្ទាល់របស់ព្រះរាជអាជ្ញា”។
[25] មាត្រា ៣១១ ក្រមនីតិវិធីព្រហ្មទណ្ឌ៖  “ក្នុងពេលសវនាការ ការតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីធ្វើតាមការប្រកាសប្តឹងសាមញ្ញនៅចំពោះមុខក្រឡាបញ្ជី។ ការប្តឹងនេះត្រូវចុះនិទ្ទេសនៅក្នុងកំណត់ហេតុនៃសវនាការ។ ការតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី មិនអាចទទួលបានទេ ក្រោយពីសេចក្តីសន្និដ្ឋានសុំរបស់ព្រះរាជអាជ្ញាលើអង្គសេចក្តី។ ​ជនរងគ្រោះដែលបានតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីរួចហើយនៅពេលស៊ើបសួរនោះ មិនចាំបាច់បំពេញទម្រង់ការនេះជាថ្មីទៀតទេនៅមុខតុលាការ។”
[26] មាត្រា ២ ក្រមនីតិវិធីព្រហ្មទណ្ឌ ៖ “...បណ្តឹងរដ្ឋប្បវេណី មានគោលបំណងធ្វើឲ្យបានការជួសជុលការខូចខាត ដែលបណ្តាលមកពីអំពើល្មើសដល់ភាគីរងគ្រោះ ហើយក្នុងគោលបំណងនេះ ឲ្យអ្នករងគ្រោះបានទទួលសំណងជម្ងឺចិត្តធួនល្មមនឹងព្យសនកម្មដែលខ្លួនបានទទួល។”
[27] បណ្តឹងមួយដែលបុគ្គលម្នាក់បានដាក់ទៅព្រះរាជអាជ្ញាដើម្បីជូនព័ត៌មានថា គាត់ជាជនរងគ្រោះនៃបទល្មើសមួយ ហើយស្នើឲ្យព្រះរាជអាជ្ញាធ្វើបណ្តឹងអាជ្ញាចំពោះជនល្មើស និងទាមទារសំណងនៃការខូចខាត។ បណ្តឹងសាមញ្ញមួយអាចដាក់ដោយផ្ទាល់ទៅព្រះរាជអាជ្ញា ឬតាមរយៈប៉ូលីស។ បណ្តឹងនេះមិនចាំបាច់និយាយឲ្យបានច្បាស់លាស់អំពីប្រភេទនៃបទល្មើស និងបញ្ញត្តិច្បាប់ដែលត្រូវចោទប្រកាន់ជនល្មើសឡើយ។