១- បទបញ្ញត្តិទូទៅ
ក្រមរដ្ឋប្បវេណីថ្មីចែងអំពីសិទ្ធិដែលយើងទាំងអស់គ្នាកាន់កាប់
ជាសិទ្ធិដែលមានលើវត្ថុ និងសិទ្ធិដែលមានលើ បុគ្គល។
នៅក្នុងក្រមរដ្ឋប្បវេណីត្រង់គន្ថីទី៣ ស្តីពីសិទ្ធិប្រត្យក្ស
មានចែងនូវបញ្ញត្តិស្តីពីសិទ្ធិដែលមានលើវត្ថុ ដែលគេ
ហៅថាជាច្បាប់ស្តីពីសិទ្ធិប្រត្យក្ស។
ដើម្បីងាយយល់សម្រាប់អ្នកសិក្សាខាងផ្នែក វិទ្យាសាស្ត្រសេដ្ឋកិច្ច
ឬ គណនេយ្យវិទ្យា យើងនឹងចាប់ផ្តើមកពីពាក្យថា ទ្រព្យសម្បត្តិ។ ឧទាហរណ៍
ពាក្យថាទ្រព្យសម្បត្តិនៅក្នុងន័យគណនេយ្យវិទ្យា ហាក់ដូចជាសំដៅទៅលើសមត្ថភាព
របស់សហគ្រាស ក្នុងការរកចំណូលនៅពេលអនាគត។ ប៉ុន្តែនៅទីនេះ
យើងមិនគិតដល់ចំណុចពិបាកយ៉ាងនេះទេ។
ចូរយើង គិតពីចំណុចមូលដ្ឋាននៃទ្រព្យដែលបុគ្គលម្នាក់មាន។
ទ្រព្យសម្បត្តិរបស់បុគ្គលរួមមាន អលនវត្ថុដូចជា ដីធ្លី អគារ និង
ចលនវត្ថុដូចជាគ្រឿងសង្ហារឹម អលង្ការ ផ្ទាំងគំនូរជាដើម។ លើសពីនេះទៀត គេមានសិទ្ធិលើ បំណុល
ក្រោម រូបភាពជាប័ណ្ណភាគហ៊ុន ប្រាក់បញ្ញើជាដើម។
១-១ ទ្រព្យ
នៅក្នុងក្រមរដ្ឋប្បវេណីកាលពីសង្គមចាស់បានចែងនៅក្នុងគន្ថីទី២
អំពីទ្រព្យ។ នៅក្នុងបញ្ញត្តិទាំងនោះ គេគ្រាន់តែធ្វើការវែកញែកអំពីបេតិភ័ណ្ឌរបស់បុគ្គលបុគ្គលម្នាក់ៗ។ បេតិកភ័ណ្ឌនៃបុគ្គលម្នាក់ៗ សំដៅលើសារពើអ្វីទាំង
អស់ដែលបុគ្គលនោះមាន និង ដែលបុគ្គលនោះជំពាក់គេ ហើយដែលគេអាចចាត់តម្លៃជាប្រាក់បាន[3]។
អ្វីដែលបុគ្គលនោះមានហៅថា
សកម្មនៃបេតិកភ័ណ្ឌ អ្វីដែលបុគ្គលនោះជំពាក់គេ អកម្មនៃបេតិកភ័ណ្ឌ[4]។
យើងនឹងមើលនិយមន័យអំពីទ្រព្យតាមខ្លឹមសារនៃវចនុក្រមបរទេសដូចខាងក្រោមនេះ
ទ្រព្យៈ ១- សិទ្ធិកាន់កាប់
ប្រើប្រាស់និង អាស្រ័យផលលើវត្ថុដែលបានកំណត់ជាក់លាក់ (
អាចជាដីមួយកន្លែង ឬផ្ទះមួយខ្នង)។ សិទ្ធិលើកម្មសិទ្ធិ
ស្ថាប័ននៃទ្រព្យឯកជនត្រូវបានការពារទល់នឹងការជ្រៀតជ្រែកដោយមិន សមរម្យរបស់រដ្ឋាភិបាល។ ២-រាល់វត្ថុដែលត្រូវបានគេអនុវត្តសិទ្ធិកាន់កាប់
សិទ្ធិប្រើប្រាស់ និងអាស្រ័យផល។ ដកស្រង់ចេញពី វចនានុក្រម Black Law Dictionary ឆ្នាំ ១៩៩៩។
តាមរយៈនិយមន័យនេះយើងអាចធ្វើសេចក្តីសន្និដ្ឋានបានថា
ទ្រព្យគឺជាអ្វីមួយដែលអាចយកធ្វើជាកម្មសិទ្ធិ បាន។
១-២ វត្ថុ
នៅក្នុងក្រមរដ្ឋប្បវេណីថ្មី
គេបានកំណត់អំពីនិយមន័យ “វត្ថុ” ថា ជារបស់ ដែលមានរូបរាង ជាសារធាតុឧស្ម័ន
ជាសារធាតុរាវ ជាសារធាតុរឹង[5]។
ខ្លឹមសារនៃ“វត្ថុ”នេះ
ដែលជាកម្មវត្ថុនៃសិទ្ធិប្រត្យក្ស។ ក្រមរដ្ឋប្បវេណីបារាំង
ព្រមទាំងក្រមរដ្ឋប្បវេណីចាស់ របស់កម្ពុជាដែលបានទទួលបន្តពីក្រមនោះ
បានទទួលស្គាល់នូវការបង្កើតសិទ្ធិប្រត្យក្សដែលមានសិទ្ធិជាកម្មវត្ថុរួមទាំង
សិទ្ធិលើអចលនវត្ថុ និង ចលនវត្ថុ នៅក្រោមទស្សនៈលំដាប់ខ្ពស់នៃ “ទ្រព្យ”។ ក៏ប៉ុន្តែ
គំនិតនេះមិនមែនជាគំនិតល្អ ដែលអាចយកមកបែងចែក សិទ្ធិប្រត្យក្ស
និងសិទ្ធិលើបំណុលបានទេ ហេតុនេះហើយ
ក្រមនេះបានឱ្យនិយមន័យនៃ “វត្ថុ” ដែលអាចក្លាយទៅជាកម្មវត្ថុនៃសិទ្ធិប្រត្យក្ស
ដោយយកតាមប្រព័ន្ធ pandectarum ដែលជាមូលដ្ឋាននៃក្រម រដ្ឋប្បវេណីអាល្លឺម៉ង់
ឬក្រមរដ្ឋប្បវេណីជប៉ុន ហើយវត្ថុនោះសំដៅតែលើវត្ថុរូបិយប៉ុណ្ណោះ។
ក្នុងករណីដែលធ្វើការ កំណត់ថា វត្ថុ មានត្រឹមតែវត្ថុរូបិយ ឋាមពល ដូចជាភ្លើង ជាដើម មិនមែនជាវត្ថុទេ ក៏ប៉ុន្តែ យោងតាមមាត្រា ១២០ កថាខ័ណ្ឌទី៤ ដែលមានចែងថា
“ត្រូវអនុវត្តបញ្ញត្តិស្តីពីចលនវត្ថុ ចំពោះទ្រព្យសម្បត្តិគ្មាន
រូបរាងដែលអាចគ្រប់គ្រងបានផងដែរ”
ហេតុនេះហើយភ្លើងដែលអាចគ្រប់គ្រងបាននោះ ក៏អាចទទួលស្គាល់នូវការ បង្កើត
កម្មសិទ្ធិលើភ្លើងនោះដែរ ដូច្នេះ ការបង្កើតកិច្ចសន្យាលក់ទិញភ្លើងក៏មិនមានបញ្ហាទេ។
ម៉្យាងទៀត ចំពោះការលួចភ្លើង ដែលជាការបំពានកម្ម សិទ្ធិរបស់អ្នកដទៃនោះ
អាចទួលស្គាល់ថាជាអំពើអនីត្យានុកូលបាន (មាត្រា ៧៤០)។
លើសពីនេះ បើទោះជា ជាគោលការណ៍
គេអាចបង្កើតសិទ្ធិប្រត្យក្សតែលើវត្ថុដែលមានរូបរាងក៏ដោយ តែ មានករណីលើកលែងដែរ
មិនមែនបដិសេធទាំងស្រុងទេ ដូចជា សិទ្ធិលើការបញ្ចាំសិទ្ធិ (ពីមាត្រា ៣៣៧ទៅ) ជា ដើម។
១-២
សមាសភាគនៃវត្ថុ
ចំពោះសមាសភាគនៃវត្ថុអ្វីមួយ
ដែលមិនអាចបែងចែកបានដោយមិនបំបែកវត្ថុនោះ ឬ ដោយមិនផ្លាស់ប្តូរ លក្ខណៈដើមនៃសមាសភាគនោះទេ
ភាគនៃវត្ថុុនោះមិនអាចក្លាយជាកម្មវត្ថុ នៃសិទ្ធិឯករាជ្យបានឡើយ ។
សិទ្ធិប្រត្យក្សគ្រប់ដណ្តប់លើវត្ថុនោះទាំងមូល ដែលមានរួមទាំងសមាសភាគ
សារធាតុផងដែរ។ ហើយនេះគឺ ជាបញ្ញត្តិដែលចែងអំពីមូលដ្ឋាននៃ
“គោលការណ៍វត្ថុមួយមានសិទ្ធិមួយ” ដែលមានខ្លឹមសារថា
អាចបង្កើតសិទ្ធិ តែមួយ លើវត្ថុមួយប៉ុណ្ណោះ។
ការបែកបាក់នៃវត្ថុគឺ
មិនត្រឹមតែជាការបែកបាក់តែរូបរាងខាងក្រៅប៉ុណ្ណោះទេ
គឺមានរួមទាំងសកម្មភាព ធ្វើឱ្យខូចខ្លាំង នូវតម្លៃនៃវត្ថុទាំងមូលផងដែរ។
ការប្តូរលក្ខណៈនៃវត្ថុគឺ មានរួមទាំងសកម្មភាពដែលធ្វើឱ្យបាត់បង់នូវ គោលបំណង
នៃការប្រើប្រាស់របស់វត្ថុនោះដែលមានពីដំបូងផងដែរ។
ឧទាហរណ៍ កុំព្យូទ័រ គេចាត់ទុកជាកុំព្យូទ័របានលុះត្រាតែ វាមាន Keyboard មាន Screan ជាដើម
បើគេដកយកភាគណាមួយដូចជា Screen
ឬ Keyboard នោះគេមិនចាត់ទុកថាជាកុំព្យូទ័រទៀតទេ
ពីព្រោះ វាបាត់ នូវសមាសភាគ របស់វាហើយ។
១-៣
សមាសភាគនៃដី
ក-
ជាគោលការណ៍
វត្ថុដែលនៅជាប់នឹងដី
ឬវត្ថុដែលក្លាយជាភាគមួយនៃដី ជាពិសេស អាគារ ឬសំណង់ដែលសង់នៅលើដី ហើយមិន
អាចប្តូរកន្លែងបាន ឬពូជដែលសាបនៅលើដី ដំណាំដែលបានដាំ រុក្ខជាតិដែលរស់នៅលើដី
គឺជាសមាសភាគនៃដី លុះត្រា តែមិនបំបែកចេញពីដី
ហើយមិនអាចក្លាយជាកម្មវត្ថុនៃសិទ្ធិឯករាជ្យបានឡើយ លើកលែងតែមានបញ្ញត្តិផ្សេង[6]។
ជាគោលការណ៍ អាគារ ឬសំណង់ដែលជាប់នឹងដី គឺជាសមាសភាគនៃដី ហើយអានុភាពនៃកម្មសិទ្ធិ ឬ សិទ្ធិប្រត្យក្សផ្សេងទៀតដែលមានលើដីនោះ
ក៏មានចំពោះអាគារ ឬសំណង់លើដីនោះដែរ។
ចំណុចនេះខុសពីក្រមរដ្ឋប្បវេណីជប៉ុន ដែលបានបែងចែកដី
និងអាគារជាអចលនវត្ថុដាច់ដោយឡែកពីគ្នា ហើយ
ក្រមរដ្ឋប្បវេណីនៃបណ្តាប្រទេសអឺរ៉ុបក៏បានចាត់ទុកដី និង
អាគារជាអចលនវត្ថុតែមួយដូចកម្ពុជាដែរ ហើយគោល គំនិតនេះ ក៏ជាគោលគំនិត
ភាគច្រើនក្នុងពិភពលោកដែរ។
រីឯពូជដែលបានសាប ឬរុក្ខជាតិដែលបានដាំលើដី គឺក្លាយទៅជាសមាសភាគនៃដី
នាពេលសាប ឬពេលដាំ ហើយ
ប្រសិនជារបស់នោះពុំអាចបែងចែកពីដី ឬពុំអាចដុះបែកពីដីនោះទេ គឺជាសមាសភាគមួយនៃដីនោះ។
រុក្ខជាតិលើដី ក៏ដូចគ្នាដែរ។
ខ-ករណីលើកលែង
អាគារ
ឬសំណង់ផ្សេងទៀតដែលម្ចាស់សិទ្ធិបានសង់នៅលើដី ឬ រុក្ខជាតិ ឬ
ដំណាំដែលម្ចាស់សិទ្ធិបានដាំ ជាអាទិ៍ ដែលជាការអនុវត្តសិទ្ធិចំពោះដីរបស់អ្នកដទៃ
មិនត្រូវក្លាយជាសមាសភាគនៃដីឡើយ។ បញ្ញត្តិនេះត្រូវយកមក អនុវត្តផងដែរ
ចំពោះវត្ថុដែលត្រូវបានភ្ជាប់ជាមួយនឹងដី ដោយមានគោលបំណងជាបណ្តោះអាសន្ន[7]
។
ក្នុងករណីដែលបានអនុវត្តសិទ្ធិជួលអចិន្ត្រៃយ៍ ផលុបភោគ
សេវភាព ដោយបានសាងសង់អាគារ សំណង់ ឬដាំ ដំណាំ រុក្ខជាតិ
ដែលនៅលើដីអ្នកដទៃ អាគារ វត្ថុនោះជាអាទិ៍
គឺជារបស់ម្ចាស់សិទ្ធិជួលអចិន្ត្រៃយ៍ ជាដើម (សូមមើល មាត្រា ១២៤) ហើយមាត្រា
១២២ ចែងបញ្ជាក់ឱ្យបានច្បាស់លាស់អំពីករណីលើកលែងនោះ។ កូនផ្ទះដែលបានសាង សង់ ឬ
រុក្ខជាតិដែលបានដាំជាបណ្តោះអាសន្នលើដីនោះ ពុំមែនជាសមាសភាគមួយនៃដីនោះទេ ដូច្នេះអាចបង្កើតកម្ម សិទ្ធិលើវត្ថុនោះ
ក្នុងនាមជាកម្មសិទ្ធិលើចលនវត្ថុបាន។
១-៤
សមាសភាគនៃអាគារ
ចំពោះវត្ថុធាតុដែលជាសមាសភាគនៃអាគារ
គ្រឿងអាគារ គ្រឿងសង្ហារិម ផ្លាក វត្ថុ តុបតែង ជាអាទិ៍ ដែល មិនអាចបែងចែកបាន
ដោយមិនបំបែកអាគារនោះ ឬ ដោយមិន ផ្លាស់ប្តូរលក្ខណៈដើមនៃវត្ថុនោះទេ ភាគនៃវត្ថុុនោះ គឺជាសមាសភាគនៃអាគារ
ហើយមិនអាច ក្លាយជាកម្មវត្ថុនៃសិទ្ធិឯករាជ្យបានឡើយ[8]
។
ក្នុងករណីដែលបានបង្កើតសិទ្ធិជួលអចិន្ត្រៃយ៍ ផលុបភោគ
សេវភាព លើដីអ្នកដទៃ ហើយបានអនុវត្តសិទ្ធិ នោះ ដោយសាងសង់អាគារ សំណង់
ឬដាំដំណាំរុក្ខជាតិដែលនៅលើដីអ្នកដទៃ
អាគារនោះជាអាទិ៍ គឺជាសមាសភាគ មួយនៃសិទ្ធិដែលបង្កើតលើដីអ្នកដទៃ ដូច្នេះហើយ
មិនអាចបង្កើតកម្មសិទ្ធិលើអាគារនោះជាអាទិ៍បានទេ ហើយអាគារ នោះជាអាទិ៍
ត្រូវបញ្ចូលទៅក្នុងកម្មសិទ្ធិដីនោះ។ មានន័យថា
គឺជារបស់អ្នកដែលមានកម្មសិទ្ធិលើដីនោះ ដោយមិន អាចចែកឱ្យដាច់ពី សិទ្ធិ
លើដីរបស់អ្នកដទៃនោះបានទេ។
បើសិនជាវត្ថុធាតុដែលជាសមាសភាគនៃអាគារ គ្រឿងសង្ហារិម ជាអាទិ៍
ដែលមិនអាចបែងចែកបានឱ្យដាច់ពី អាគារនោះ
វត្ថុទាំងនោះនឹងក្លាយជាសមាសភាគនៃអាគារ ហើយមិនអាចក្លាយជាកម្មវត្ថុនៃសិទ្ធិលើចលនវត្ថុឯករាជ
បានឡើយ។
ហើយនេះគឺជាបញ្ញត្តិដើម្បីបញ្ជាក់ឱ្យបានច្បាស់លាស់អំពីទំហំនៃសិទ្ធិស្តីពីអាគារ។
១-៥ វត្ថុដើម
និង ផល
ក-វត្ថុដើម
វត្ថុដែលបង្កើតផល
ហៅថា វត្ថុដើម ។
ខ- ផល
វត្ថុដែលកើតចេញពីវត្ថុមួយទៀត
ដោយមានអត្ថប្រយោជន៍ខាងសេដ្ឋកិច្ចនោះ ហៅថា ផល។
ផលចែកចេញជាពីរគឺៈ
ផលធម្មជាតិ និង ផលស៊ីវិល។
ខ-១ ផលធម្មជាតិ
វត្ថុដែលបានកើតឡើង ហើយត្រូវបានធ្វើលទ្ធកម្ម
តាមវិធីប្រើធម្មតា ហៅថាផលធម្មជាតិ[9]។
ផលមិនមែន សំដៅតែលើផ្លែឈើប៉ុណ្ណោះទេ។ វត្ថុដែលកើតចេញពីវត្ថុដើម តាមធម្មជាតិ
ឬដោយវិធីសុប្បនិម្មិត បន្ទាប់ពីមានការ ប្រើប្រាស់នូវវត្ថុដើមនោះ
សមស្របតាមលក្ខណៈសេដ្ឋកិច្ចរួមក គេហៅថា ផលធម្មជាតិ (ដូចជា ស៊ុត ផ្លែឈើ
រោមចៀម ជ័រ ខ្សាច់ កូនសត្វ
ទឹកដោះរបស់សត្វ អម្បោះឆៅ បន្លែ ជាដើម)។ ហើយក្រៅពីនេះ
មានរួមទាំងវត្ថុ ដែលកើតឡើងជាបន្តបន្ទាប់មិនឈប់ឈរ
ដោយមិនធ្វើឱ្យសិករិចដល់វត្ថុដើម ដូចជា ឈើដែលបានមកពីការគ្រប់គ្រង
ព្រៃឈើតាមផែនការ ជាដើម។
ផលធម្មជាតិ
ជាកម្មសិទ្ធិរបស់អ្នកដែលមានសិទ្ធិទទួលផលនោះ នៅពេលដែលផលធម្មជាតិនោះបានបំបែក
ពីវត្ថុដើម[10]។ ជាគោលការណ៍ អ្នកមានសិទ្ធិអាស្រ័យផល
នឹងមានកម្មសិទ្ធិលើផលធម្មជាតិ។ ជាគោលការណ៍ កម្មសិទ្ធិ ករនៃវត្ថុដើម គឺជាអ្នកមានសិទ្ធិអាស្រ័យផល ក៏ប៉ុន្តែ ក្នុងករណីដែលវត្ថុដើម
ជាកម្មវត្ថុនៃសិទ្ធិ ជួលអចិន្ត្រៃយ៍
ផលុបភោគ សេវភាព ជាអាទិ៍ អ្នកមានសិទ្ធិជួលអចិន្ត្រៃយ៍ ផលុបភោគី (សូមមើល មាត្រា ២៦០) ភតិកៈ ជាអាទិ៍
គឺជាអ្នកមានសិទ្ធិអាស្រ័យផលនៃផលធម្មជាតិនេះ។
នៅពេលដែលមិនទាន់បំបែកពីវត្ថុដើមទេ
ផលធម្មជាតិ គឺជាវត្ថុមួយភាគនៃវត្ថុដើម
ក៏ប៉ុន្តែក្រោយពីបំបែក ពីវត្ថុដើមនោះទៅ
នឹងក្លាយជាវត្ថុឯករាជមួយដែលជាកម្មវត្ថុនៃកម្មសិទ្ធិ។
ខ-២ ផលស៊ីវិល
ប្រាក់ ដូចជាប្រាក់ថ្លៃឈ្នួល ជាអាទិ៍ ឬ
វត្ថុផ្សេងទៀត ដែលទទួលជាថ្នូរចំពោះ ការប្រើវត្ថុណាមួយ ហៅថា ផលស៊ីវិល[11]។
ផលស៊ីវិលមានដូចជា ថ្លៃឈ្នួល
និងការប្រាក់ ជាដើម។
ឧទាហរណ៍ លោក ក មានផ
ម្ទួះយខ្នងហើយគាត់បានជួលឱ្យលោក
ខ ស្នាក់នៅ ប្រាក់ឈ្នួលផ្ទះនោះជាផល ស៊ីវិល។
ផលស៊ីវិលអាចទទួលបានទៅតាមអំឡុងពេលដែលមានសិទ្ធិទទួលផលនេះ
ដោយគណនា តាមចំនួនថ្ងៃ[12]។
ក្នុងករណីដែលមានការផ្លាស់ប្តូរកម្មសិទ្ធិករនៃដីដែលជាកម្មវត្ថុនៃសិទ្ធិជួលអចិន្ត្រៃយ៍
កម្មសិទ្ធិករនៃអាគារជួល ម្ចាស់បំណុលនៃកិច្ចសន្យាខ្ចីបរិភោគ ជាអាទិ៍ ថ្លៃឈ្នួល ការប្រាក់
ត្រូវបែងចែកដោយគណនាទៅតាមអំឡុងពេលដែល មានសិទ្ធិទទួផលនោះ។
១-៦ វត្ថុចម្បង និង វត្ថុចំណុះ
ក-វត្ថុដែលមិនមែនជាសមាសភាគនៃវត្ថុចម្បង
ហើយដែលកម្មសិទ្ធិករនៃវត្ថុចម្បងបានភ្ជាប់ទៅនឹងវត្ថុចម្បង ក្នុងគោលបំណងសេដ្ឋកិច្ចនៃវត្ថុចម្បងជាបន្តបន្ទាប់នោះ
ហៅថាវត្ថុចំណុះ ។ សូមរងចាំវគ្គបន្ត
[2] ក្រមរដ្ឋប្បវេណីកម្ពុជាកាលពីសង្គមចាស់ដែលចម្លងចេញពីក្រមរដ្ឋប្បវេណីណាប៉ូឡេអុងត្រូវបានបកប្រែជាភាសាខ្មែរ
ដោយលោក អេង ស៊ុត ឆ្នាំ ១៩៦៧។
អ្នកអាចផ្តល់យោបល់តាមអ៊ីម៉ែល bunthoeurn2008@gmail.com
No comments:
Post a Comment